ពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧ - ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវេទិកាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧ - ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់” ដែលបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាថ្នាក់តំបន់នេះមានការចូលរួមពីលោក François RANCY នាយកការិយាល័យ ទទួលបន្ទុកផ្នែកវិទ្យុគមនាគមន៍ (BR) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្រសួង-ស្ថាប័នជាតិ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងប្រទេសជាសមាជិក ITU មកពីជាង២០ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត។
នៅក្នុងវេទិកានេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍បើកកម្មវិធីដោយលើកឡើងពីសារៈសំខាន់នៃការសហការគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានានៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ ឯកឧត្តមបានបន្ដទៀតថា៖ ប្រទេសនីមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍រៀងៗខ្លួន យ៉ាងណាមិញប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងធ្វើការជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូចជា ITU ជាដើម ហើយយើងសង្ឃឹមថានឹងមានការសហការនៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាលគមន៍ជាតិរបស់យើង។
វេទិកាថ្នាក់តំបន់នេះមានកិច្ចពិភាក្សាលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញផ្នែកវិស័យនេះ ក្នុងនោះរួមមានប្រធានបទទាក់ទងនឹងមាគ៌ាបង្ហាញផ្លូវស្តីពីទូរគមនាគមន៍ចល័តអន្តរជាតិ២០២០ និន្នាការនៃការគ្រប់គ្រងវិសាលគមន៍ជាតិ តួនាទីនៃប្រព័ន្ធផ្កាយរណបក្នុងបច្ចេកទេស 5G បទពិសោធន៍នៃប្រទេសក្នុងតំបន់លើការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ផលប៉ះពាល់ទៅលើវិសាលគមន៍នៃប្រព័ន្ធបណ្តាញបច្ចុប្បន្ន និងអនាគត។ សូមបញ្ជាក់ផងដែរថា វេទិកាថ្នាក់តំបន់នេះមានសារៈសំខាន់ក្នុងការស្វែងយល់ពីការប្រឈមនានា កាលានុវត្តភាពនៃដំណើរឆ្ពោះទៅរកបច្ចកវិទ្យា 5G ការត្រៀមខ្លួនរបស់ប្រទេសនិមួយៗនៅក្នុងតំបន់ ការប្រើប្រាស់នៃបច្ចេកទេសនេះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕