កិច្ចប្រជុំជាមួយតំណាងអង្គការ JICA លើប្រធានបទ “Project for improving the logistic system in Cambodia”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ប.ទ) បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាការងារជាមួយតំណាងអង្គការ JICA ស្តីពី “Project for improving the logistics system of Cambodia” ដែលមានការអញ្ជើញចូលរួមពីក្រុមការងារសិក្សាគំរោងរបស់ JICA អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន អគ្គនាយកប្រៃសណីយ៍កម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំនេះលោក Yohei Soma បានធ្វើបទបង្ហាញអំពីគំរោងផែនការមេដែលអង្គការ JICA និងក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំឡើងដើម្បីពង្រឹងការសិក្សាស្វែងយល់ពីប្រព័ន្ធភស្តុភារកម្មក្នុងប្រទេសកម្ពុជា។ នៅក្នុងបទបង្ហាញនេះបានលើកយកចំនុចសំខាន់ៗ៣គឺ៖
១. ការអភិវឌ្ឍសេដ្ឋកិច្ច និងតម្រូវការសេវាភស្តុភារកម្ម
២. ស្ថានភាពបច្ចុប្បន្ននៃសេវាភស្តុភារកម្ម
៣.សេចក្តីព្រាងផែនការមេ SMART Logistic 2025។
ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឯក វណ្ណឌី បានលើកឡើងពីលក្ខណៈពាក់ព័ន្ធនឹងមុខងារ កាតព្វកិច្ច និងទំហំការងារដែលក្រសួង ប.ទ. និងប្រៃសណីយ៍កម្ពុជាត្រូវទទួលបន្ទុក។ បន្ថែមពីនេះ ឯកឧត្តម ក៏បានបន្ថែមពីលក្ខន្តិកក្នុងការសុំអាជ្ញាបត្រសំរាប់ការធ្វើអាជីវកម្មប្រៃសណីយ៍ ក៏ដូចជាការដឹកជញ្ជូនកញ្ចប់ប្រៃសណីយ៍។ មុននឹងបញ្ចប់ ឯកឧត្តម បានសម្តែងភាពរំភើបរីករាយដែលភាគីទាំងសងពីរបានស្វែងយល់ពីគ្នាដើម្បីឲ្យការងារនាពេលខាងមុខអាចដំណើរការបានរលូន ហើយឯកឧត្តម ក៏សង្ឃឹមថា ក្រសួង ប.ទ. នឹងមានឱកាសបានសិក្សាស្វែងយល់ និងសហការជាមួយអង្គការ JICA បន្ថែមនាពេលខាងមុខ៕