ផែនការមេបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍អាស៊ានឆ្នាំ២០១៥

សិក្ខាសាលា​ស្តីពី​ផែនការមេ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​អាស៊ាន​ឆ្នាំ២០១៥ បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ថ្លែង​នៅក្នុង​ឱកាស​បើក​អង្គសិក្ខាសាលា ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កាលពី​ថ្ងៃទី១៤ និង​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមកនេះ រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន​បាន​ជួបជុំគ្នា​ជា​លើក​ទី១៣នៅ​ប្រទេស​សឹង្ហ​បុរី ដើម្បី​ពិនិត្យ​អំពី​លទ្ធផល​ពាក់កណ្តាល​អាណ​ត្តិ​នៃ​ការអនុវត្តន៍​ផែនការមេ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ អាស៊ាន ឆ្នាំ២០។ ជា​លទ្ធផល ក្នុង​រយៈពេល៣ឆ្នាំនេះ គម្រោង​ចំនួន៦០ត្រូវបាន​ស្នើ​ដោយ​រដ្ឋ​ជា​សមាជិក។ វិធានការ​ចំនួន៦២ភាគរយ​នៃ​ផែនការមេ​ត្រូវបាន​អនុវត្ត​និង​សម្រេច​ដោយ​រដ្ឋ​ជា​សមាជិក។ ឯកឧត្តម​មានប្រសាសន៍​ទៀតថា សិក្ខាសាលា​នាពេលនេះ មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​យើងទាំងអស់គ្នា​អាច​បូកសរុប​ការអនុវត្តន៍​ការងារ​ក្នុងពេល​កន្លងមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ឲ្យ​យើង​អាច​រិះរក​ដំណោះស្រាយ​ក្នុងទិសដៅ​ធានា​ការសម្រេចបាន​ផែនការមេ​អាស៊ាន​ឆ្នាំ២០១៥ ដូច្នេះ​ក្នុង​ស្មារតី​នៃ​ផែនការមេ​នៅ​ឆ្នាំ២០១៥នេះ ឯកឧត្តម​សូម​រំលេច​នូវ​អាទិភាព​មួយចំនួន​សម្រាប់​ការយកចិត្តទុកដាក់រ​បស់​យើងទាំងអស់គ្នា រួមមាន ការរក្សា​សន្តិភាព និង​សន្តិសុខ​តំបន់ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​វិបុលភាព​និង​កំណើន​នៅក្នុង​អាស៊ាន​ទាំងមូល។ ក្នុងចំណោម​គម្រោង​ទាំង៦០ ដែល​ត្រូវបាន​សម្រេច​កន្លងមក​នៅក្នុង​ការអនុវត្តន៍​ផែនការមេ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​អាស៊ាន កម្ពុជា​ពុំបាន​ចូលរួម​លើក​និង​អនុវត្ត​គម្រោង​ណាមួយ​នោះទេ។ ពេលវេលា​នេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការគ្នា និង​លើកកម្ពស់​នូវ​ភាពម្ចាស់ការ​បន្ថែមទៀត​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម និង​ការរៀបចំ​គម្រោង​ដើម្បី​ចូលរួម​សម្រេចបាន​នូវ​វិធានការ និង​គម្រោង​ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​គោលដៅ​សម្រេច​ផែនការ​មេនេះ ជាមួយនិង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដទៃទៀត​នៅ​ឆ្នាំ២០។ ការពង្រឹង​សន្តិភាព​និង​សន្តិសុខ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ ព្រមទាំង​ការធានា​ការចូលរួម​យ៉ាង​ពេញលេញ​របស់​កម្ពុជា​ក្នុងការ​អនុវត្តន៍​ផែនការមេ​អាចឈាន​ទៅរក​ភាពជោគជ័យ​បាន អាស្រ័យទៅលើ​កត្តា​គន្លឹះ​សំខាន់​មួយចំនួនទៀត គឺ​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​អក្ខរកម្ម​បច្ចេកវិទ្យា ព្រមទាំង​ការកាត់បន្ថយ​គម្លាត​ប​ច្ចេក​វិទ្យា​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន។

នៅក្នុង​ឱកាស​បិទ​អង្គសិក្ខាសាលា ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន, ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ ការចូលរួម​របស់​ស​មា​ជិ​ក​សមាជិកា​រទាំង​អស់​ដែល​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ដ៏​មាន​សារសំខាន់​នេះ។  ព្រមជាមួយ​គ្នា​នោះដែរ​ឯកឧត្តម​ក៏បាន​អញ្ជើញ​សិក្ខាកាម​ទាំងអស់​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ប​ច្ចក​វិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ជាថ្មីទៀត ចាប់ពី​ថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីកន្លែង​ដដែល។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ជឿជាក់ថា ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា​ទាំងអស់​ពិតជា​មាន​សារសំខាន់​ក្នុងការ​សម្រេចបាន​នូវ​ផែនការមេ​អាយ​ស៊ី​ធី​របស់​យើង ដើម្បី​ឲ្យ​ស្របគ្នា​នឹង​ផែនការមេ​របស់​អាស៊ាន៕

អត្ថបទជាប់ទាក់ទង