ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាពនិងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះ វគ្គបណ្តុះបណ្តាលស្តីពីកត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាពនិងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបានប្រារព្ធបិទនៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋលេខាធិការសារ៉ាក់ ខាន់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោក ជួន ដារ៉ូ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល បានធ្វើរបាយការណ៍សង្ខេបនៃវគ្គបណ្តុះបណ្តាលដែលផ្តោតជាសំខាន់លើប្រធានបទចំនួន០៤រួចមក “កត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព កត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹងនិងបទបញ្ជាផ្ទៃក្នុងស្តីពីការពាក់មួកសុវត្ថិភាព និងការមិនបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹង។
លើសពីនេះ សិក្ខាកាមទាំងអស់បានរួមជាក្រុមដើម្បីពិភាក្សានិងធ្វើបទបង្ហាញបញ្ចេញមតិពាក់ព័ន្ធនឹងការការពារសុវត្ថភាព ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ការមិនបើកបរនៅពេលស្រវឹង និងការយល់ដឹងពីការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងមានឆន្ទៈពេលត្រឡប់ទៅវិញ នឹងផ្សព្វផ្សាយបន្តដល់អ្នករួមការងារនៅតាមអង្គភាពនីមួយៗនិងដល់ក្រុមគ្រួសាររបស់ខ្លួនផងដែរ។
លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា គឺពិតជាអាចចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការបាត់បង់កម្លាំងពលកម្ម និងកាត់បន្ថយអត្រាមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកជំទាវ មានប្រសាសន៍ទៀតថា ការបំពាននូវច្បាប់ចរាចរណ៍ មានន័យថា ជាការបំផ្លិចបំផ្លាញខ្លួនឯង ការមិនពាក់មួកសុវត្ថិភាព ជាការបំផ្លាញនូវក្តីសង្ឃឹមខ្លួនឯង និងការសម្រេចចិត្តបើកបរនៅក្រោមឥទ្ធពលនៃគ្រឿងស្រវឹងក៏ជាការបំផ្លាញនូវក្តីសង្ឃឹមរបស់ខ្លួនឯងផងដែរ។
ឯកឧត្តមសារ៉ាក់ ខាន់ មានប្រសាសន៍ថា តាមលទ្ធផលក្នុងរបាយការណ៍វគ្គបណ្តុះបណ្តាលឃើញថា សិក្ខាកាមមានការយល់ដឹងច្បាស់ពីហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រមទាំងបានយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងបទបញ្ជាផ្ទៃក្នុងស្តីពីការពាក់មួកសុវត្ថិភាព និងការមិនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ឯកឧត្តមរដ្ឋលេខាធិការក៏បានសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងប្តេជ្ញាចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយកចំណេះដឹងដែលបានរៀនសូត្រនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្តិ ក្រុមគ្រួសារ តាមអង្គភាពនីមួយៗ នៅនៅក្នុងសង្គមទាំងមូល សម្តៅរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល, គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការពាក់ព័ន្ធដទៃទៀតក្នុងការទប់ស្កាត់ កាត់បន្ថយអត្រាមរណភាពជាតិ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាកចរាចរណ៍”៕