ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​អញ្ជើញ​ចូលរួម​ក្នុង​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បច្ចេក​វិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​នៅ​ ប្រទេស​សឹង្ហ​បុរី

តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​យ៉ា​កូប អ៊ីប្រាហ៊ីម រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​និង​ព័ត៌មានវិទ្យា​នៃ​ប្រទេស​សឹង្ហ​បុរី នៅ​ព្រឹក​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៣ គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដឹកនាំ​ដោយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី១៣ ស្តីពី​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៥ វិ​ច្ឆ​កា ឆ្នាំ២០១៣ នៅ​ប្រទេស​សឹង្ហ​បុរី។

អញ្ជើញ​ជូន​ដំណើរ​ឯកឧត្តម​ប្រាក់ សុខុន ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួមមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង និង មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ជាច្រើនរូប​ទៀត។

គួរ​បញ្ជាក់ថា តាម​ការអញ្ជើញ​របស់​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា ក៏បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ផ្សារភ្ជាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣និង​ពិធី​តាំងពិព័រណ៍​ថ្នាក់​ពិភពលោក ស្តីពី ពិភព​ទូរគមនាគមន៍​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ឆ្នាំ២០១៣ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី១៨ ដល់​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ។ និង​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន ក៏បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​ថ្នាក់​អន្តរជាតិ​លើក​ទី១៥ ស្តីពី​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី២០ ដល់​ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីក្រុង​ហូជីមិញ នៃ​ប្រទេស​វៀតណាម សម្តៅ​ជម្រុញ​ការចែករម្លែក​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​បច្ចេកទេស​លើ​វិស័យ​ព័ត៌មាន​និង​ទូរគមនាគមន៍​និង​ជួយ​ពង្រឹង​ភាពជា​ដៃគូ​រវាង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់៕

អត្ថបទជាប់ទាក់ទង