ពិធី​ប្រកាស​តែង​តាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនា​គមន៍

ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី១២  វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ឯកឧត្តម លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អាន​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការ​ត្រាស់បង្គាប់​និង​តែងតាំង​ឯកឧត្តម សេក សុជាតិ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍, ឯកឧត្តម ផាន់ ភិន ជាទី​ប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ, ឯកឧត្តម​គួច គី ជាទី​ប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ, ឯកឧត្តម​ចែម សង្វារ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ, ឯកឧត្តម អ៊ូ បូរ៉ា​ត ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍, ឯកឧត្តម ញាន ស្រស់ ជាទី​ប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ, លោកជំទាវ លឹប លឿង ជាទី​ប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ, ឯកឧត្តម លី កាយឫទ្ធិ ជាទី​ប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​ឋានៈ​ស្មើ​អគ្គនាយក  និង​តែងតាំង​លោក​ទេព ប៊ុ​ន្ថា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​កម្ពុជា សម្រាប់​អាណត្តិ​ទី២ ជំនួស​ឯកឧត្តម កែវ វុឌ្ឍិ​ន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី។ ព្រមជាមួយ​គ្នា​នោះ ក៏មាន​អនុក្រឹត្យ​មួយ​ផ្សេងទៀត តែងតាំង​ជំនួយការ​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​មួយចំនួន​ដែលមាន​ឋានៈ​ស្មើ​អគ្គនាយករង​រហូតដល់​ប្រធាន​នាយកដ្ឋាន​ផងដែរ។

ឯកឧត្តម ប្រាក់ សុខុន បាន​កោតសរសើរ​ដ៏​ស្មោះសរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់ និង​តែងតាំង​ឲ្យ​បំពេញភារកិច្ច​តាម​មុខនាទីរៀងៗខ្លួន​ដើម្បី​រួមគ្នា​ធ្វើការ​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ទំនើប និង​ការប្រកួតប្រជែង។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ដើម្បី​ចូលរួម​ក្នុងការ​អនុវត្តន៍​កម្ម​វិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៥ នៃ​រដ្ឋសភា​ឲ្យ​មាន​ប្រសិទ្ធភាព យើងទាំងអស់គ្នា ត្រូវ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បន្ត​លើកទឹកចិត្ត​ការវិនិយោគ​ឯកជន​ដោយ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ និង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​អេ​ឡិ​ក​ត្រូ​និក​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ៕

អត្ថបទជាប់ទាក់ទង