ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាងហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរំឭកពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាពលរដ្ឋទាំងពីរ ចិន – កម្ពុជា ដែលគិតមកដល់ពេលនេះ មានរយៈពេល៥៥ឆ្នាំហើយ។
នៅក្នុងឱកាសនោះដែរ ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមប្រាក់ សុខុន ដែលបានស្នើឲ្យរដ្ឋាភិបាលចិនជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ លោកជំទាវ ប៊ូ ជាងហ្គួ បានសម្តែងនូវក្តីសុទិដ្ឋិនិយម ក្នុងការជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សឲ្យមានសមត្ថភាពដើរឲ្យទាន់ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នេះ រួមទាំង ការជួយរៀបចំលិខិតបទដ្ឋាន និងច្បាប់គតិយុត្តនានា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ក៏ដូចជាការចូលរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខជាតិ តាមរយៈការគ្រប់គ្រងឲ្យបានល្អប្រសើរនូវវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ផងដែរ៕