ខួប​លើក​ទី១០៣ទិវា​អន្តរជាតិ​នារី៨មីនា ២០១៤

ខួប​លើក​ទី១០៣ ទិវា​អន្តរជាតិ​នារី ៨មីនា ក្រោម​ប្រធានបទ “សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម” បាន​ប្រារព្ធ​ឡើង​កាលពី​រសៀល​ថ្ងៃទី៧ មីនា ឆ្នាំ២១០៤ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
លោកជំទាវ ជ្រឹង បុ​ទុមរ​ង្សី អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី១០៣ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០១៤ ក្នុងន័យ​គាំទ្រ​ចំពោះ​ប្រធានបទ​ឆ្នាំនេះ ស្តីពី សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម។
លោកជំទាវ ប្រាក់ ច័ន្ទ​ណ​យ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បញ្ជ្រាប​យេនឌ័រ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន​ម៍ មានប្រសាសន៍ថា ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០១៤នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម” គឺ​ក្នុង​គោលបំណង​ដើម្បី​ពញាក់​ឲ្យ​មានការ​យកចិត្តទុកដាក់​លើកកម្ពស់​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទី​របស់​ស្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ជាងនេះទៀត គឺ​ការផ្តោត​ជាសំខាន់​ទៅលើ​ការផ្តល់​ចំណេះដឹង​ជំនាញ​បច្ចេកទេស​គ្រប់ផ្នែក ដើម្បី​ឲ្យ​ស្ត្រី​មានឱកាស​ចូលរួម​ក្នុង​គ្រប់​វិស័យ ធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​គ្រប់​កម្រិត និង​ជា​កម្លាំងចលករ​ជម្រុញ​កិច្ចអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ប្រាជ្ញា​ស្មារតី អំណត់​អត់ធ្មត់ ក្នុង​គ្រប់​ការងារ និង​គ្រប់​កាលៈទេសៈ។
លោកជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ប្រធានបទ​សម្រាប់​ឆ្នាំ២០១៤នេះ គឺ​សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​បុរស ស្ត្រី​យុវវ័យ ទទួលបាន​ចំណេះដឹង​ជំនាញ និង​មាន​សីលធម៌ ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ដែល​ការអប់រំ​ស្ត្រី និង​យុវវ័យ​នេះហើយ គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​កែប្រែ​សង្គម និង​ដើម្បី​សង្គម​មាន​វឌ្ឍនភាព។ ជាពិសេស គឺ​ជម្រុញ​ឲ្យ​មន្ត្រី​នារី​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​យកចិត្តទុកដាក់​លើ​ការរៀនសូត្រ​ជំនាញ​បច្ចេកទេស​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការងារ​ក៏ដូចជា​ការជួយ​ដល់​ខ្លួនឯង​និង​សង្គមជាតិ។
លោកជំទាវ​បានបញ្ជាក់​ទៀតថា បើ​ស្រី្ត​មាន​កម្រិតវប្បធម៌​ខ្ពស់ នោះ​ស្ត្រី​នឹងមាន​ការងារ​ល្អ មាន​ការយល់​អធ្យាស្រ័យ​និង​អប់រំ​កូនចៅ​បានល្អ ជាពិសេស​អាចធ្វើ​ជា​ម្តាយ ជា​ប្រពន្ធ និង​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​គូសបញ្ជាក់ថា ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៥ នៃ​រដ្ឋសភា បាន​ចែងថា លើកស្ទួយ​ស្ថានភាព​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​ប្រែក្លាយ​ឲ្យ​ទៅជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ស្ត្រី​នៅពេលនេះ គឺ​ខុសពី៥០ឆ្នាំមុន ដែល​ស្ត្រី​នៅពេលនោះ ពុំ​សូវ​ទទួលបាន​ការអប់រំ​ឲ្យ​បានល្អ​នោះទេ។ បច្ចុប្បន្ន ការផ្តល់​ចំណេះដឹង​ខ្ពង់ខ្ពស់​សម្រាប់​ស្ត្រី និង​ក្មេងស្រី ត្រូវបាន​យកចិត្តទុកដាក់ និង​ធ្វើ​ឲ្យ​ពួកគេ មានការ​ងារ​ល្អ មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ ពេលនេះ យើង​មាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដែល​អាច​ឲ្យ​បងប្អូន​បាន​រៀនសូត្រ ក្រេបជញ្ជក់​នូវ​ចំណេះដឹង​ដើម្បី​យកមក​ប្រតិបត្តិ​ក្នុង​ការងារ​លើកស្ទួយ​អង្គភាព​ក៏ដូចជា​សង្គមជាតិ​ផងដែរ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឆ្នើម និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន និង​កំពុង​ខិតខំ​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​លើ​គ្រប់​វិស័យ​និង​ការលើកកម្ពស់​សីលធម៌​សង្គម ដើម្បី​ជម្រុញ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សង្គម​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​ថ្លៃថ្នូរ។
ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​បាច់ផ្កា​ដ៏​ស្រស់ស្អាត និង​វត្ថុ​អនុស្សាវរីយ៍​ជូន​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោកជំទាវ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​អនុស្សាវរីយ៍ ដើម្បី​ញាំ​ង​ឲ្យ​ពិធី​នោះ​កាន់តែ​មាន​ភាព​អធិក​អាធ​ម​ឡើង៕
 

អត្ថបទជាប់ទាក់ទង