ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារ និងចុះអនុស្សរណៈស្តីពីការយោគយល់គ្នា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគន៍ ឯកឧត្តម SHANG Bing អនុរដ្ឋមន្ត្រី​នៃ ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យាព័ត៌មាន​នៃ​សាធារណរដ្ឋប្រជាមានិតចិន​បាន​ដឹក​នាំ​គណៈប្រតិភូ​មកទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៥ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការលើ​វិស័យ ICT រវាង​ក្រសួង​ទាំងពីរ។ ក្នុង​ឱកាសបំពេញ​ទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ទទួល​ជួបនិងពិភាក្សា​ការងារ​​ទ្វេភាគី​ជាមួយឯកឧត្តម អនុរដ្ឋមន្ត្រី SHANG Bing នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នាទី​ស្តីការ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ជា​​លទ្ធផល​​នៃ​កិច្ចពិភាក្សា​គឺ​ ភាគី​ចិន​បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង​ការ​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, ការស្រាវជ្រាវ និងអភិវឌ្ឍ, នវានុវត្តន៍, សន្តិសុខព័ត៌មាន, និងការលើក​កំពស់​ផ្នែកធុរៈកិច្ច ដល់​ក្រុមហ៊ុន​ឯកជនក្នុង​វិស័យបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​ដល់​ភាគី​កម្ពុជា ។

បន្ទាប់​មក​ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម SHANG Bing បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តី​ពីការ​យោគ​យល់​គ្នា រវាង​ក្រសួង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និងបច្ចេកវិទ្យាព៌ត័មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រម​ទាំង​ផ្តល់​កិត្តិយស​ធ្វើ​ជា​សាក្សី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២​ច្បាប់ទៀត​គឺ៖
 
ទី១. អនុស្សរណៈ​ស្តី​ពី​ការ​យោគ​យល់​គ្នា​រវាង​អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍   ​ជា​មួយ មជ្ឈមណ្ឌល​សម្រប​សម្រួលក្រុមការងារ​បច្ចេកទេស​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​បណ្តាញ​កុំព្យូទ័រជាតិ​របស់​ចិន​ សម្រាប់​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ​សន្តិសុខព័ត៌មាន ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដោយឯកឧត្តម ជា មានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ​ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា និង​ឯកឧត្តម Huang Chengqing អគ្គនាយក​នៃមជ្ឈ​មណ្ឌល​សម្រប​សម្រួលក្រុម​ការងារ​បច្ចេកទេស​ឆ្លើយ​តប​បញ្ហាបន្ទាន់​នៃ​បណ្តាញកុំព្យូទ័រជាតិរ​បស់​ចិន។
 
ទី២. កិច្ច​សន្យា​នៃគម្រោង​ជំនួយ​សប្បុរសធម៌​នៃ​ប្រព័ន្ធ​កុំព្យូរទ័រ FusionCloud Desktop របស់​ក្រុមហ៊ុន Huawei សម្រាប់​ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយឯកឧត្តម ជា មានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​លោក Yang Feng នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd

អត្ថបទជាប់ទាក់ទង