ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមរំលែកទុក្ខ នៅស្ថានទូតបារាំង…
កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមសម្តែងសមានទុក្ខ នៅស្ថានទូតបាំរាំងប្រចាំនៅកម្ពុជា សម្រាប់អំពើភេរវកម្មវាយប្រហារទៅលើទីភ្នាក់ងារសារព័ត៌មានបារាំង ឈ្មោះថា Charlie Hebdo ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ កន្លងមក បង្កឲ្យមានមនុស្សស្លាប់ ១២ រូប និងរងរបួស ១១ រូប។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសរសេរនៅលើសៀវភៅកំណត់ត្រារបស់ស្ថានទូតបារាំង ថា យើងខ្ញុំទាំងអស់គ្នាបានទទួលដំណឹងជាមួយនឹងភាពក្រៀមក្រំ និងខ្លោចផ្សាជាពន់ពេក អំពីការវាយប្រហារជាបន្តបន្ទាប់មកលើសារព័ត៌មាន Charlie Hebdo នាសប្តាហ៍កន្លងទៅ។ ការវាយប្រហារនេះ គឺជាសកម្មភាពភេរវកម្មដ៏សាហាវ ដែលយើងធ្វើការថ្កោលទោស និងចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងសិទ្ធិសេរីភាពសារព័ត៌មាន រួមទាំងគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស ព្រមទាំងសូមសម្តែងនូវភាតរភាពដ៏រឹងម៉ាំ ជាមួយប្រជាជនបារាំង ក៏ដូចជាប្រទេសបារាំងផងដែរ៕