ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ដឹកនាំគណៈ​ប្រតិភូ …

       កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

      កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៤ នឹងត្រូវបានដឹកនាំដោយឯកឧត្តម Pornchai RUJIPRAPA រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃព្រះរាជាណាចក្រថៃ និងត្រូវបានផ្តោតការពិភាក្សាលើប្រធានបទមួយចំនួន ជាអាទិ៍៖
១. ការពិនិត្យលើការអនុវត្តគម្រោងនានាសម្រាប់ឆ្នាំ២០១៤ និងការអនុម័តគម្រោងថ្មីៗ សម្រាប់ឆ្នាំ២០១៥ ក្រោមក្របខណ្ឌនៃការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០១៥,
២. ការពិនិត្យលើស្ថានភាពនៃមូលនិធិ ICT អាស៊ាន រហូតដល់ខែធ្នូ ឆ្នាំ២០១៤ និងការអនុម័តគម្រោងថវិកាឆ្នាំ២០១៥ សម្រាប់ការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅឆ្នាំ២០១៥,
៣. ការពិនិត្យលើរបាយការណ៍របស់និយ័តករទូរគមនាគមន៍អាស៊ាន,
៤. ការពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការមេ ICT អាស៊ានក្រោយឆ្នាំ២០១៥,
៥. ការពិនិត្យលើរបៀបវារៈសម្រាប់រៀបចំកិច្ចសន្ទនាជាមួយប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសកូរ៉េខាងត្បូង និងសហភាពទូរគមនាគមន៍អន្តរជាតិ, និង
៦. ការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក។

       ខណៈនោះ រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន នឹងមានកិច្ចសន្ទនាជាមួយប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសកូរ៉េខាងត្បូង និងសហភាពទូរគមន៍អន្តរជាតិ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យ ICT នៅឆ្នាំ២០១៤ និងអនុម័តផែនការសកម្មភាព និងយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០១៥។

       ព្រមជាមួយនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៤ ព្រះរាជាណាចក្រថៃ នឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានលើកទី៣។ នេះគឺជាលើកទី១ហើយ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយនឹងសហព័ន្ធ ICT កម្ពុជា ធ្វើការជ្រើសរើសក្រុមហ៊ុនខ្មែរលើវិស័យ ICT គឺក្រុមហ៊ុនចូលរួមការប្រកួតប្រជែងពានរង្វាន់ខាងលើ។ យើងសង្ឃឹមថា កម្ពុជានឹងទទួលបានពានរង្វាន់មួយ ក្នុងការប្រកួតប្រជែងនេះ៕

អត្ថបទជាប់ទាក់ទង