ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការទី ៩ នៃរដ្ឋសភា
នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំក្រសួង បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរួបនីយកម្ម និងសំណង់ នៃរដ្ឋសភា ឬហៅកាត់ថា គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ នៃរដ្ឋសភា។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា មានប្រសាសន៍ថា គោលបំណងនៃការមកជួបសំណេះសំណាល និងពិភាក្សាការងារនាពេលនេះគឺ ដើម្បីស្វែងយល់អំពីលទ្ធផលការងារដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រេចបាននាពេលកន្លងមក, បញ្ហាប្រឈមដែលក្រសួងបានជួបប្រទះ, ដំណោះស្រាយ, និងទិសដៅការងារទៅថ្ងៃអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ និន សាផុន និងគណៈកម្មការទី៩ នៃរដ្ឋសភាដែលមានវត្តមានក្នុងជំនួបនេះថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសគឺការធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់យ៉ាងច្រើន ដូចជា រៀបចំកែសម្រួលរចនាសម្ព័ន្ធ បែងចែកតួនាទីភារកិច្ចសម្រាប់ក្រសួង និងអង្គភាពស្វយ័ត រួមមាន ប្រៃសណីយ៍កម្ពុជា ទូរគមនាគមន៍កម្ពុជា និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា, ធ្វើសមាហរណកម្មអតីត NiDA ឲ្យក្លាយជាអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង, បង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្ស, បង្កើតក្រុមការងារផ្សេងៗ ដើម្បីជម្រុញការដ្ឋានកំណែទម្រង់របស់ក្រសួងឲ្យដើរទៅមុខយ៉ាងឆាប់រហ័ស, បង្កើនចំណូលជូនជាតិតាមរយៈការទារបំណុល, កែលម្អជីវភាព និងកន្លែងធ្វើការជូនមន្ត្រីរាជការឲ្យមានភាពសមរម្យ និងមានរបៀបរៀបរយ ដោយរៀបចំតម្លើងកាំប្រាក់បៀវត្សទៅតាមច្បាប់ និងជូនប្រាក់រង្វាន់លើកទឹកចិត្តក្នុងឱកាសបុណ្យជាតិសំខាន់ៗ តាមគោលការអនុញ្ញាតពីរាជរដ្ឋាភិបាលប្រកបដោយតម្លាភាព ដែលទទួលបាននូវការគាំទ្រពីមន្ត្រីភាគច្រើន។ សម្រាប់ទិសដៅទៅថ្ងៃខាងមុខគឺ ក្រសួងបានដាក់ចេញនូវផែនការដើម្បីដោះស្រាយការលំបាក និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ហើយខិតខំអភិវឌ្ឍធនធានមនុស្ស, កៀគររកចំណូលជូនជាតិបន្ថែមទៀត, និងបង្ក្រាបបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ជាដើម។
ជាទីបញ្ចប់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងកោតសរសើរចំពោះរបាយការណ៍ដ៏ល្អិតល្អន់ និងការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយរបស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រេចបាន។ ជាពិសេសគឺ លោកជំទាវចាប់អារម្មណ៍ខ្លាំងលើការធ្វើកំណែទម្រង់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការបង្កើតវិទ្យាសា្ថនជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន និងការចាត់វិធានការទារបំណុលរហូតអាចបង្កើនចំណូលជូនជាតិក្នុងឆ្នាំ២០១៤ បើប្រៀបធៀបនឹងឆ្នាំ២០១៣កន្លងទៅ។ លោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងសង្កត់ធ្ងន់ថា សមិទ្ធផលទាំងឡាយដែលបានលើកឡើង គឺពិតជាបានបង្ហាញឲ្យឃើញថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដមែន។ លោកជំទាវនឹងពាំនាំនូវស្នាដៃដ៏ត្រចះត្រចង់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំងនេះ ទៅជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជ្រាប៕