លោកជំទាវ រស់ សូរក្ខា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុង ព្រឹត្តិការណ៍តាំងពិព័រណ៌ នៅប្រទេសម៉ាឡេស៊ី

          តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជំទាវ រស់ សូរក្ខា បានដឹកនាំគណៈប្រតិភូមួយក្រុមដែលមានសមាសភាពមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ២៥ រូប អញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ KL Converge 2015 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។  ព្រឹត្តិការណ៍នេះក៏មានសមាសភាពចូលរួមពីប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
          ព្រឹត្តិការណ៍តាំងពិព័រណ៌ KL Converge 2015 ត្រូវបានបើកជាផ្លូវការដោយឯកឧត្តមបណ្ឌិត Salleh Said Keruak រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងប្រព័ន្ធព័ត៌មានម៉ាឡេស៊ី ដោយមានមតិស្វាគមន៍ពី ឯកឧត្តម Houlin Zhao អគ្គលេខាធិការអង្គការ ITU។
          គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ បង្កើតជាវេទិការថ្នាក់តំបន់មួយ សម្រាប់ដាក់តាំងបង្ហាញផលិតផល/ គំនិតច្នៃប្រឌិតថ្មីៗ របស់ ប្រទេស នីមួយៗ  ចែករំលែកបទពិសោធន៍ល្អៗ    បង្កើតបណ្តាញការងារបង្កើត​ឱកាសវិនិយោគក៏ដូចជាបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអ្នកជំនួញក្នុង តំបន់។
          នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជ្រើសរើសអ្នកទៅចូលរួមតាំងពិព័រណ៌ ដែលមានសមាសភាពចំរុះមកពីស្ថាប័នផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចមានរាយនាមខាងក្រោម ៖
  1. ក្រសួងពាណិជ្ជកម្ម ដែលជាជ័យលាភីលេខ១ នៃពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៥ បានបង្ហាញពីប្រព័ន្ធដំណើរការចុះបញ្ជីពាណិជ្ជកម្ម Online,
  2. សហព័ន្ធICT បានឆ្លៀតយកឱកាសដ៏ល្អនេះបង្កើតទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុនក្នុងតំបន់ដើម្បីបង្កើន និងពង្រឹងការវិនិយោគ,
  3. ក្រុមហ៊ុន CamFirst Technologies Co., LTD បានបង្ហាញជូនអំពី កម្មវិធីកុំព្យូទ័រ CAMEMIS ដែលជាប្រព័ន្ធគ្រប់គ្រងការអប់រំតាមសាលា ដែលអភិវឌ្ឍន៍ដោយកូនខែ្មរពិតៗ,
  4. ក្រុមហ៊ុន CamAnt ដែលជាក្រុមហ៊ុនធុរកិច្ច បានបង្ហាញជូនពីកម្មវិធី“រៀនកកា” ដែលខ្លួនបានអភិវឌ្ឍន៍ឡើងសម្រាប់ប្រើនៅក្នុងឧបករណ៍ Tablet ដូចជា iPad និង Samsung ជាដើម,
  5. Aide et Action Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ បានបង្ហាញផលិតផល ”បណ្ណា-ល័យចល័ត” របស់ខ្លួន ដែលជា វេទិការប្រមូលផ្តុំដោយសៀវភៅជាច្រើនប្រភេទ សម្រាប់កូនខ្មែរអាននៅក្នុងឧបករណ៍ Tablet, និង
  6. Chibi ជាក្រុមហ៊ុនដែលមានជំនាញខាងផលិតមាតិការឌីជីថល បានបង្ហាញកម្មវិធីកម្សាន្តសម្រាប់ស្វែងរកមិត្ត/ គូរស្រករ តាមប្រព័ន្ធទូរស័ព្ទ ឈ្មោះ Chibi ៕

អត្ថបទជាប់ទាក់ទង