ពិធីប្រគល់ពានរង្វាន់សម្រាប់កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៦

ពានរង្វាន់ Cambodia ICT Awards គឺជាការផ្តួចផ្តើមគំនិតរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វាគឺជាការប្រកួតប្រជែងថ្នាក់ជាតិមួយដែលផ្តោតសំខាន់លើក្រុមហ៊ុន ICT ដែលធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់មួយដ៏មានកិត្យានុភាពនេះត្រូវបានប្រគល់ជូនដល់ស្នាដៃ ICT ដែលល្អបំផុត ក្នុងចំណោមសហគ្រិននៅក្នុងប្រទេសកម្ពុជា និងដើម្បីជាគំរូមួយក្នុងការទទួលបានជោគជ័យ នៅក្នុងលក្ខខណ្ឌនៃនវានវត្តន៍ និងការច្នៃប្រឌិត ហើយថែមទាំងជាឱកាសក្នុងការផ្តល់ថវិកាសម្រាប់ការចាប់ផ្តើម និងការធ្វើអាជីវកម្មនៅក្នុងវិស័យ ICT នៅក្នុងប្រទេសកម្ពុជា។ តាមរយៈពានរង្វាន់នេះ វានឹងជំរុញឱ្យក្រុមហ៊ុន ICT កម្ពុជាឈានទៅកម្រិតបន្ទាប់ ដែលតំណាងឱ្យប្រទេសកម្ពុជានៅក្នុងតំបន់ និងការប្រកួតប្រជែងលក្ខណៈអន្ដរជាតិ ដូចជាការប្រកួតពានរង្វាន់វិស័យ ICT ថ្នាក់អាស៊ាន។ យើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់នេះនឹងជួយឱ្យមានការលើកកម្ពស់នវានុវត្តន៍នៅក្នុងឧស្សាហកម្ម ICT នៅក្នុងប្រទេសរបស់យើង ដែលស្ថិតនៅក្នុងបន្ទាត់ជាមួយផែនការមេនៃវិស័យ ICT ឆ្នាំ ២០២០ របស់កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT ឆ្នាំ ២០២០ ដែលបានប្រកាសដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ល។

នេះជាពានរង្វាន់ ICT លើកទីពីរនៅប្រទេសកម្ពុជា មានបេក្ខជនចំនួន 32 ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសារ 6 ប្រភេទខុសគ្នាមានដូចជា: 1. វិស័យសាធារណៈ​, 2. វិស័យឯកជន, 3. ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន, 4. មាតិកាឌីជីថល, 5. បង្កើតក្រុមហ៊ុន និងទី 6. ស្រាវជ្រាវ និងអភិវឌ្ឍន៍។ គំនិតអាជីវកម្មគឺរាប់ចាប់ពីការផ្តល់សេវា ការអប់រំ, ការកំសាន្ត, សុខភាព, ទូរគមនាគមន៍,​ ត្រួតពិនិត្យចរាចរណ៍ និងកម្មវិធីអាជីវកម្ម។

បន្ទាប់ពីជុំទីមួយនៃការជ្រើសរើសគឺមានបេក្ខជនចុងក្រោយចំនួន 21 ត្រូវបានគេជ្រើសរើសឱ្យទៅប្រកួតប្រជែងនៅជុំផ្តាច់ព្រ័ត្រនេះ។ សមាជិកនៃគណកម្មាការឯករាជ្យនៃ CICTA ឆ្នាំ 2016 ត្រូវបានអញ្ជើញមកពីអង្គការ និងស្ថាប័នផ្សេងគ្នា ដែលតំណាងឱ្យអាជីវកម្ម, បណ្ឌិតសភាឧស្សាហកម្ម ICT វិនិយោគិន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ មានសមាជិក 6 ក្នុងគណៈវិនិច្ឆ័យនៃ CICTA 2016:
– តំណាងមកពីសហព័ន្ធ ICT កម្ពុជា
– តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា
– តំណាងមកពីវិទ្យាស្ថានបើកទូលាយ
– តំណាងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
– តំណាងមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង

បេក្ខជនចុងក្រោយទាំង 21 ត្រូវបានស្នើឱ្យធ្វើបទបង្ហាញ 15 នាទី នៅមុខគណៈវិនិច្ឆ័យ។ លក្ខខ័ណ្ឌនៃការផ្តល់ពិន្ទុនៃការប្រកួតប្រជែងគឺ៖ គំនិតច្នៃប្រឌិតថ្មីសម្រាប់ការដោះស្រាយបញ្ហា, តម្លៃជាសាធារណៈ, គុណភាពនិងភាពទុកចិត្ដនៃផលិតផលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឬដំណោះស្រាយដែលកម្មវិធីនេះអាចធ្វើបាន។

ជ័យលាភីលេខ 1 ដល់លេខ 3 ក្នុង CICTA 2016 នេះគឺ:
1. ជ័យលាភីមេដាយមាស: BookMeBus, Camtasia Technology Co., Ltd.
2. ជ័យលាភីមេដាយប្រាក់: SmartPay, Smart Axiata Co., Ltd.
3. ជ័យលាភីមេដាយសំរិទ្ធ: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)

ជ័យលាភីមេដាយមាស, ជ័យលាភីមេដាយប្រាក់​ និងជ័យលាភីមេដាយសំរិទ្ធទទួលបានប្រាក់រង្វាន់ 5,000USD, 2,000USD និង 1,000USD។

ជ័យលាភីលេខ 1 តាមប្រភេទវិញ្ញាសារនិមួយៗ​គឺ៖
1. វិស័យសាធារណៈ: Sand Dredging Management System, Ministry of Mine and Energy
2. វិស័យឯកជន: SmartPay, Smart Axiata Co., Ltd.
3. ទំនួលខុសត្រូវរួមសង្គម: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)
4. មាតិកាឌីជីថលៈ Khmer Academy, Korea Software HRD Center
5. ក្រុមហ៊ុនទើបបង្កើត: BookMeBus, Camtasia Technology Co., Ltd.
6. ស្រាវជ្រាវ​ និងអភិវឌ្ឍន៍: V-Protekh PRO, Angkor E&C (Cambodia) Co., Ltd.

អ្នកឧបត្ថម្ភនៃ CICTA 2016 នេះគឺ: ក្រុមហ៊ុន Smart Axiata, ទូរគមនាគមន៍កម្ពុជា, ប្រៃសណីយ៍កម្ពុជា, ក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN), និយ័តករទូរគមនាគមន៍កម្ពុជា,​ ក្រុមហ៊ុន T.O Group, ក្រុមហ៊ុន e.co, និងក្រុមហ៊ុន OpenNet ហើយដៃគូរបស់ CICTA 2016 គឺ ICT Federation Cambodia, Emerald Hub, Development Innovation, និង La French Tech Cambodge, ហើយអ្នកឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយគឺ Freshnews, Sabay,  Electronic World Magazine, Larein, និង Geeks in Cambodia ។

អត្ថបទជាប់ទាក់ទង