សិក្ខាសាលាអន្តរជាតិស្ដីពី "ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍអុិនធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល និងការកសាងសមត្ថកិច្ច"
សិក្ខាសាលាត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីប្រវត្តិនៃប្រទេសកម្ពុជា ដែលបានក្លាយជាសមាជិកនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) នាឆ្នាំ១៩៥២ ពោលគឺមួយឆ្នាំមុនពេលកម្ពុជាបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំង និងទទួលជំនួយបច្ចេកទេសនានា ដែលផ្តល់ដោយ ITU ចាប់តាំងពីការបោះឆ្នោតជាសកលលើកទី០១ នាឆ្នាំ១៩៩៣។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ០២ ចំណុច ដែលសិក្ខាសាលាអាចពិចារណាក្នុងការរៀបចំ គោលនយោបាយអភិវឌ្ឍន៍អ៊ិនធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ រួមមាន ចំណុចទី០១ តួនាទីដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសតួនាទីដឹកនាំសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសូវែនានាសម្រាប់អ៊ិនធឺណិតល្បឿនលឿន និងចំណុចទី០២ កិច្ចសហការរបស់គ្រប់ភាគីដែលពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធនានា ដែលអាចជួយជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នេះឲ្យបានទទួល លទ្ធផលជាផ្លែផ្កា។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដល់ វាគ្មិន និងសហការីទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាពិសេសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានរៀបចំសិក្ខាសាលានេះឡើង និងបានថ្លែងអំណរគុណអ្នកចូលរួមទាំងអស់ ដែលបានចូលរួមស្តាប់និងពិភាក្សានៅសិក្ខាសាលានេះ។
វាគ្មិនដែលចូលរួមសិក្ខាសាលានេះមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អ្នកជំនាញការអន្តរជាតិនៃសហភាពទូរគមនាគមន៍អន្តរជាតិ(ITU) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋ អាមេរិក (USAID) និងមានការចូលរួមស្តាប់និងពិភាក្សាពីសំណាក់ តំណាងនិយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ និងតំណាងទូរគមនាគមន៍កម្ពុជា រួមទាំងប្រតិបត្តិករ ទូរគមនាគមន៍។
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឡើងថ្លែងបិទសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះវាគ្មិនជាតិនិងអន្តរជាតិ ភ្ញៀវកិត្តិយស សហការី និងធ្វើការបញ្ជាក់បន្ថែមថា បទពិសោធន៍ មេរៀន និងឧត្តរមានុវត្តទាំងឡាយដែលត្រូវបានចែករំលែកដោយវាគ្មិនទាំងអស់ក្នុងព្រឹត្តិការណ៍ថ្ងៃនេះ នឹងជាវិភាគទានដល់ការរៀបចំគោលនយោបាយជាតិអ៊ិនធឺណិតល្បឿនលឿន គោលនយោបាយកាតព្វកិច្ចសេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងអនុក្រឹត្យពាក់ព័ន្ធ ដែលជាផ្នែកមួយនៃការសម្រេចបាននូវគោលបំណង គោលដៅ និងទស្សនវិស័យរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០។