ឯកឧត្ដម ខាយ ឃុនហេង ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង ប.ទ ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការតភ្ជាប់​ឌីជីថល​អាស៊ាន-ឥណ្ឌា និង​ពិធី​តាំង​ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ​ស្តីពី​ទូរគមនាគមន៍ នៅ​ប្រទេស​ឥណ្ឌា

 

កាលពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍​​និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចំនួនប្រាំមួយរូបចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការ​តភ្ជាប់​ឌីជីថល​អាស៊ាន-ឥណ្ឌា (ASEAN-India Digital Connectivity) ដែលជាការរំលឹកដល់ខួបលើកទី២៥ នៃភាពជាដៃគូ​សន្ទនា​អាស៊ាន-ឥណ្ឌា (Commemoration of 25th Anniversary of ASEAN-India Dialogue Partnership) និង​ពិធី​តាំងពិព័រណ៍​ធុរកិច្ច​អន្តរជាតិ​​ស្តីពីទូរគមនាគមន៍​នៅ​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​គមនាគមន៍​ឥណ្ឌា​និង​​ក្រុមប្រឹក្សា​លើក​កម្ពស់​ការ​នាំ​ចេញ​ឧបករណ៍​​សម្ភារៈបរិក្ខា​​និងសេវាទូរគមនាគមន៍ឥណ្ឌា​។
 

សន្និសីទនេះត្រូវបានប្រកាសបើកដោយឯកឧត្តម Manoj Sinha រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌា ​​និង​មាន​ការ​​អញ្ជើញចូលរួមដោយ​តំណាងក្រសួងទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​នៃបណ្តាប្រទេសអាស៊ាន, រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា​បង់ក្លាដែស, រដ្ឋមន្ត្រី​ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​​នៃព្រះរាជាណាចក្រប៊ូតាន, ព្រមទាំង​តំណាង​ក្រុមហ៊ុន​ទូរគមនាគមន៍​នៃ​បណ្តា​ប្រទេស​អាស៊ាន អាហ្វ្រិក ​និង​តំណាង​ក្រុមហ៊ុន​ទូរគមនាគមន៍ជាច្រើននៃប្រទេស​ឥណ្ឌា​​។

ឯកឧត្តម Manoj Sinha បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានបំណងចង់​ធ្វើ​ជាដៃគូជាមួយអាស៊ានក្នុង​ការ​តភ្ជាប់​ឌីជីថលរវាង​​អាស៊ាន​និង​ឥណ្ឌា ដែលមានដូចជា ការតភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និង​ការ​តភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​រវាង​បណ្តា​ប្រទេស​​អាស៊ាន​ជា​មួយ​នឹង​ប្រទេស​ឥណ្ឌា។ ឯកឧត្តមបានបន្តថា ការ​តភ្ជាប់​នេះ​មាន​សារសំខាន់​ណាស់​​សម្រាប់​​​ជួយ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​អាស៊ាន​និង​ឥណ្ឌា ហើយឥណ្ឌានឹងជួយដល់បណ្តា​ប្រទេស​​អាស៊ាន​នូវ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ឥណទាន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នៃការតភ្ជាប់នេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ខាយ ឃុនហេង បានលើកឡើងអំពីការរីកចម្រើន​នៃ​វិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា ហើយបាន​រំលឹក​​អំពី​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ឥណ្ឌា​ក្នុង​វិស័យ​​​នេះ​​នា​​ពេលបច្ចុប្បន្ន​និង​ពេល​កន្លង​មក។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​មាន​អត្រា​នៃ​ការ​ប្រើប្រាស់​ស៊ីមកាត​ទូរស័ព្ទដៃ​ចំនួន ១២៣% និងអត្រានៃការប្រើប្រាស់អ៊ីនធឺណិតចំនួន ៤៨% ។ កម្ពុជា​បាន​តភ្ជាប់​បណ្តាញ​ខ្សែកាប​អុបទិក​ស្ទើរតែពាសពេញ​ប្រទេស ហើយ​កំពុង​តភ្ជាប់​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ ដែល​តភ្ជាប់​ដោយ​ផ្ទាល់​ជា​មួយ​ប្រទេស​ថៃនិងមាឡេស៊ី និង​តភ្ជាប់​ទៅ​កាន់​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ​អន្តរជាតិអាស៊ី-អាមេរិក និង​ខ្សែ​កាប​អុបទិក​​ក្រោម​បាត​សមុទ្រ​​អន្តរជាតិ​​​អាស៊ី អាហ្វ្រិក និង​​អ៊ឺរ៉ុប។

ឯកឧត្តម បានបន្ថែមថា ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើនថែមទៀត កម្ពុជា​បាន​អនុម័ត​​ដាក់​ចេញ​នូវ​ផែនការ​មេ​បច្ចេកវិទ្យា​​​គមនាគមន៍​និង​ព័ត៌មានឆ្នាំ២០២០ ច្បាប់ស្តីពីទូរគមនាគមន៍ និង​គោលនយោបាយ​​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍-បច្ចេកវិទ្យា​​គមនាគមន៍​និងព័ត៌មានឆ្នាំ២០២០។ ឯកឧត្តម សង្ឃឹមថា គម្រោង​តភ្ជាប់​ឌីជីថល​អាស៊ាន-ឥណ្ឌា​នឹង​ឆ្លើយ​តប​​ទៅ​នឹង​ការ​អនុវត្ត​ផែនការ ច្បាប់ និង​គោល​នយោបាយ​នេះ ហើយអាចចូល​រួម​ចំណែក​នៅ​ក្នុង​​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា៕

អត្ថបទជាប់ទាក់ទង