ឯកឧត្ដម ឯក វណ្ណឌី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ប.ទ ទៅបំពេញទស្សនៈកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ប.ទ ទៅបំពេញទស្សនៈកិច្ចសិក្សាស្ដីពី “ការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិចផ្នែកប្រៃសណីយ៍” នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះ គឺឆ្លើយតបតាមស្មារតីការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រៃសណីយ៍រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនេះឲ្យកាន់តែប្រសើរឡើង និងចូលរួមសិក្សាបន្ថែមពីភាពរីកចម្រើននិងការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងវិស័យប្រៃសណីយ៍ ជាពិសេសក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច។ នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំរបស់ប្រៃសណីយ៍រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនប្រៃសណីយ៍សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងទស្សនៈកិច្ចនៅស្នាក់ការកណ្ដាលក្រុមហ៊ុន Yule, រដ្ឋបាលប្រៃសណីយ៍ទីក្រុង Shanghai, និងរដ្ឋបាលប្រៃសណីយ៍ខេត្ត Jiangsu ផងដែរ៕