ឯកឧត្តម ត្រាំ អុីវតឹក បានអញ្ជើញក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ (Cambodia ICT Awards 2017) ឬហៅកាត់ថា CICTA 2017 ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងមួយដែលផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស រៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ នេះជាពានរង្វាន់ ICT លើកទីបីនៅប្រទេសកម្ពុជា បេក្ខភាពដែលទទួលបានជ័យលាភីចំនួនបីរូបត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន ៣៧ មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ចដែលទើបនឹងបង្កើត និងអង្គការក្រៅរដ្ឋាភិបាល។ បេក្ខជនតម្រូវឲ្យការពារគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រមដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។
មេដាយមាស
ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកត្រូវបានប្រគល់ជូនទៅ Direct Play សម្រាប់ JAILBREAK The Game គឺជាហ្គេមទូរសព្ទ័ផ្លូវការមួយដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរមានចំណងជើងថា Jailbreak។ វាគឺជាហ្គេមសកម្មមួយដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយអ្នកអភិវឌ្ឍន៍ជនជាតិខ្មែរក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។ ត្រឹមតែរយៈពេល ៤៨ម៉ោងបន្ទាប់ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ ២០K ហើយបច្ចុប្បន្នមានអ្នកលេងហ្គេមជាង ១០៤K។
មេដាយប្រាក់
Open Institute ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិកសម្រាប់កម្មវិធី Bong Pheak។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលា ឆ្នាំ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។ ផ្អែកតាមការស្ទាបស្ទង់ភាគច្រើនប្រព័ន្ធអ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារតាមអ៊ីនធើណេត និងតាមរយះសម្លេងដោយស្វ័យប្រវត្តិដែលបញ្ជូនទៅឱ្យកម្មករសក្តានុពលតាមរយៈការហៅទូរស័ព្ទ។ សេវាកម្មនេះមានអ្នកតាមដានតាមរយៈហ្វេសប៊ុកចំនួន ១០០,០០០ នាក់រួចហើយ ហើយមានការបង្ហាញផងដែរនូវការងារចំនួន ៦,០០០ ដំណែងក្នុងរយៈពេលប្រាំពីរខែដែលនាំឱ្យមានបេក្ខជនដាក់ពាក្យចំនួន ៤,០០០។ Bong Pheak ក៏ទទួលបានពានរង្វាន់ដ៏ល្អបំផុតផងដែរនៅក្នុងប្រភេទ CSR។
មេដាយសំរឹទ្ធិ
ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី ៣ នៃការប្រកួតគឺក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់១,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនបន្តទៀតលើផ្នែកយានយន្តស្វ័យប្រវត្តិ និងត្រូវបានប្រគល់ជូនរង្វាន់ល្អបំផុតផងដែរក្នុងវិស័យសាធារណៈ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលា ថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។ ការចុះឈ្មោះនិងការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណេត។ មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានប័ណ្ណសំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងសម្រួលដំណើរការ និងកាត់បន្ថយការធ្វើក្រដាសស្នាម។
តើអ្វីជាជំហានបន្ទាប់សម្រាប់ជ័យលាភី និងបេក្ខភាពដែលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ? កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ានក្នុងឆ្នាំនេះ។ នៅឆ្នាំ ២០១៦ មានក្រុមហ៊ុនចំនួន ១១ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់ហើយក្នុងចំណោមក្រុមហ៊ុនទំាងនោះ មានក្រុមហ៊ុនចំនួនពីរដែលបានទទួលពានរង្វាន់សម្រាប់ផលិតផលរបស់ពួកគេ។ បេក្ខជនជ័យលាភីក្នុងឆ្នាំនេះក៏នឹងអាចចូលរួមក្នុងកម្មវិធីនៅខែវិច្ឆិកាខាងមុខផងដែរ ដែលជាការប្រកួតប្រជែងលើការច្នៃប្រឌិតល្អបំផុតនៅក្នុងតំបន់ និងសង្ឃឹមថាអាចនាំយកពានរង្វាន់ត្រឡប់ទៅវិញ។
ចំពោះព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិ NIPTICT ក៏បានគ្រោងទុករួចរាល់ហើយចំពោះការរៀបចំកម្មវិធីនេះជាលើកទី៤ក្នុងឆ្នាំ ២០១៨ និងចាប់ផ្តើមបើកទទួលពាក្យនៅដើមឆ្នាំក្រោយនេះផងដែរ។ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីនេះ សូមចូលទៅកាន់ www.facebook.com/cambodiaictawards ឬ ចូលទៅកាន់គេហទំព័រ http://www.cambodiaictaward.com/ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ (NIPTICT) rapid@niptict.edu.kh Tel: +855(0)16 868 984
ព័ត៌មានអំពីពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា
ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីលើកកម្ពស់ និងផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំជ័យលាភីទទួលបានរង្វាន់ចាប់ពី ១,០០០ ទៅ ១០,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគេ និងធ្វើការវិវត្តមុខជំនួញរបស់ពួកគេឆ្ពោះទៅកម្រិតបន្ទាប់។ បន្ទាប់ពីការជម្រុះនៅជុំដំបូង មានតែបេក្ខភាពចុងក្រោយចំនួន ១២ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដើម្បីបង្ហាញពីគម្រោងរបស់ពួកគេនៅចំពោះមុខគណៈវិនិច្ឆ័យដែលមានសមាសភាពតំណាងដូចជាខាងផ្នែកអាជីវកម្ម អ្នកតំណាងផ្នែកសង្គមស៊ីវិលទាក់ទងនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។ គម្រោងនេះត្រូវបានវិនិច្ឆ័យដោយផ្អែកលើភាពច្នៃប្រឌិតរបស់ពួកគេ ការផ្តល់នូវផលប្រយោជន៍ដល់សង្គម គុណភាព និងភាពជឿជាក់នៃផលិតផល និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងគម្រោងនេះ។