ឯកឧត្ដម ត្រាំ អុីវតឹក​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ «សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​​ការ​បច្ចេក​វិទ្យា​ 4.5G​ នៅ​កម្ពុជា​» របស់​ក្រុម​ហ៊ុន​ Smart​ Axiata​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ​ឯកឧត្ដម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ «សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​បច្ចេក​វិទ្យា​ 4.5G​ នៅ​កម្ពុជា​» ​ក្រោម​កិច្ច​សហការ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ Smart​ Axiata​ និង ​Huawei​។

ឯកឧត្ដម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍


លោក ថូ ម៉ាសហ៊ុន បានឲ្យដឹងថា «បច្ចេកវិទ្យា 4.5G នេះមានសក្ដានុពលក្នុងការបង្កើន​ប្រសិទ្ធ​ភាព​បណ្ដាញ​ទូរស័ព្ទ​ និង​ផ្ដល់​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​អ៊ិន​ធឺណិត​ល្បឿន​លឿន​ជាង​មុន​ រួម​ផ្សំ​ជាមួយ​បទ​ពិសោធន៍​ និង​ការ​កម្សាន្ត​ផ្សេង​ទៀត​ដែល​ផ្ដល់​ជូន​នៅ​លើ​សេ​វា​ 4G+​ និង​ 4.5G​ ដែល​លឿន​ជាង​ 4G​ ធម្មតា​រហូត​ដល់​ ៨ដង​។ Smart​ បាន​បោះទុន​វិនិយោគ​ចំនួន​ ៧៥​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៦​ និង​៨០​លាន​ដុល្លារ​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ពង្រីក​ និង​កែ​លម្អ​បណ្ដាញ ​ដើម្បី​ផ្ដល់​ជូន​សេវា​អ៊ីធឺណិត ​និង​សេវា​កម្ម​បែប​ឌីជីថល​នានា​បន្ថែម​ទៀត​»​។​

លោក ថូ ម៉ាសហ៊ុន (Smart)

ជាមួយ​គា្ននោះលោក David Lixiongwei អគ្គនាយក្រុមហ៊ុន Huawei បានថ្លែងឲ្យដឹងដែរថា​ «ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់ ​ដែល​បាន​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ Smart​ នាំ​យក​បណ្ដាញ ​4.5G ​មក​កម្ពុជា​ ហើយ​នឹង​ការ​ខិត​ទៅ​រក​បច្ចេក​វិទ្យា​ជំនាន់​ក្រោយ​។ ការ​វិវត្តន៍​នៃ​បច្ចេក​វិទ្យា​ 4.5G​ ពិត​ជា​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សំខាន់​ៗ​លើ​ 4G​ ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក៏​ដូច​ជា​ដើរ​តួនាទី​ជា​ស្ពាន​ ឆ្ពោះ​ទៅ​រក​បច្ចេក​វិទ្យា​ 5G​ នា​ពេល​អនាគត​ដែល​វានឹង​​គាំ​ទ្រ​សេវា​នានា ​រួមមាន​សេវា​ Mobile​ Cloud​ Service​ ការ​ទស្សនា​វីឌីអូ​ក្នុង​កម្រិត​ 4K​ Vierual​ Reality​​, Internet​ of​ Things​ និង​បច្ចេក​វិទ្យា​អស្ចារ្យ​ជា​ច្រើន​ទៀត»​៕​

លោក David Lixiongwei អគ្គនាយក្រុមហ៊ុន Huawei

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ការដាក់ឲ្យដំណើរការបច្ចេកវិទ្យា​ 4.5G ​នា​ពេល​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញថា​ វិស័យ​ ICT​ នៅ​កម្ពុជា​បាន​នឹង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ត្រឹមត្រូវ​ ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​តភ្ជាប់​ និង​ការ​ធានា​ឲ្យ​បាន​នូវ​ប្រយោជន៍​ពី​វិស័យ​ ICT​ ឲ្យ​បាន​ទៅ​ដល់​សហគមន៍​ដាច់​ស្រយាល ​និង​សហគមន៍​ងាយ​រង​គ្រោះ​។​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ទិសដៅ​ដោយ​កំណត់​នៅ​ឆ្នាំ​២០២០​ សេវា​រលក​សញ្ញា ​(Broadband)​ ត្រូវ​គ្រប​ដណ្ដប់​ 100% ​នៅ​តាម​ទី​ប្រជុំ​ជន​ និង​ 70%​ នៅ​តំបន់​ជនបទ​​ ហើយ​ 80%​នៃ​ប្រជាជន​មាន​អ៊ិន​ធឺ​ណិត​ប្រើ​ប្រាស់​ រួម​ទាំង​វិស័យ​ច្រើន​ទៀត​ដូច​មាន​រៀប​រាប់​នៅ​ក្នុង​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ទូរ​គមនាគមន៍​ និង​ បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ២០២០​ (T-ICT​ 2020)​»។​

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា «យើងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Smart​ និង​ Huawei​ នឹង​នាំ​មក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន​ទៀត​ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​រួម​គ្នា​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​ភាគី​ ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ទូរ​គមនាគមន៍​ទាំង​អស់ ​សូម​កុំ​យក​ការ​ដាក់​ដំណើរ​ការ​បច្ចេក​វិទ្យា​ 4.5G​ គ្រាន់​ជា​ជំហាន​ដើម្បី​ឆ្ពោះ​ទៅ​រក​ 5G​ អោយ​សោះ​។ ​បច្ចេកវិទ្យា​ 5G នេះ​មិន​ត្រឹម​តែ​មាន​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ​ តែ​វា​នឹង​ធ្វើ​សមាហរណ​កម្ម​នៃ​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​ទាំង​អស់​បញ្ចូល​គ្នា​ ដែល​ទាមទា​ឱ្យ​មាន​ការ​រៀប​ចំ​បទ​បញ្ញត្តិ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ឱ្យ​បាន​រួច​រាល់​។ ​ដូច្នេះ​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​ 5G​ មាន​ដូចជា ​ហ្វ្រេកង់​ស៍​ ក្រប​ខ័ណ្ឌ​ស្តង់​ដារ​ និង​បទ​ប្បញ្ញត្តិ​នានា​ តម្រូវ​ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​សិក្សា​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ និង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​ប្រតិបត្តិករ​នានា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេវា​នេះ​នៅ​កម្ពុជា​»​៕

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញអោយប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវពន្លឿន​ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍ​ភាព​ជា​ដៃ​គូ​របស់​ពួក​គេ​ និង​ដាក់​លទ្ធផល​ទាំង​នោះ​នៅ​ក្នុង​សកម្មភាព​ជាក់​ស្តែង​ដើម្បី​បង្កើន​ និង​ពង្រីក​មាតិកា​ និង​ការ​អភិវឌ្ឍន៍​កម្ម​វិធី​សម្រាប់​តម្រូវ​ការ​របស់​ប្រជាជន​របស់​យើង​៕​


 

អត្ថបទជាប់ទាក់ទង