​កិច្ច​ពិភាក្សា​អំពី ​«ការ​ធ្វើ​ឲ្យ​លេខ​គ្រា​អាសន្ន​ជាតិ​(​National​ Emergency​ Number​) ១១៧​ និង​១១៨ »

រាជធានីភ្នំពេញ៖ ដោយឈរលើគោលការណ៍យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសេវាសាធារណៈ​របស់​រាជ​រដ្ឋា​ភិបាល​ នៅ​ថ្ងៃ​ទី​០៣​ ខែ​សីហា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ១៤.៣០​នាទី​​ នៅ​ទីស្តី​ការ​ក្រសួង​ ឯកឧត្តម​ ខាយ ឃុនហេង​  រដ្ឋ​លេខា​ធិការ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​អំពី ​«ការ​ធ្វើ​ឲ្យ​ លេខ​គ្រា​អាសន្ន​ជាតិ​  (​National​ Emergency​ Number​) ​ដែល​មាន​ប្រសិទ្ធ​ភាព​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស ​ជា​ពិសេស​លេខ​ ១១៧​ និង​ ១១៨ ដែល​មាន​រួច​ហើយ​។

​កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក​ជំទាវ​ ប្រាក់​ ចន័្ទ​ណយ​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ប.ទ​.ឯកឧត្តម ម៉ូវ ចរិយ៉ា ប្រធាន​,ឯកឧត្តម​ អឹុម​ វុត្ថា ​សមាជិក​ នៃ​និយ័ត​ករ​ទូរ​គមនាគមន៍​​កម្ពុជា​, តំណាង​ក្រសួង​មហា​ផ្ទៃ ​(រួម​ទាំង​ អង្គភាព​បង្ក្រាប​ការ​ជួញ​ដូ​រ​មនុស្ស​ និង​​ ការពារ​អនិតិជន​)​​ ក្រសួង​សុខា​ភិបាល​, គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជា​ដើម​។​ ឯកឧត្តមបាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ថា ​កន្លង​មក​ដោយ​បាន​ពិនិត្យ​ឃើញ​លេខ​គ្រា​អាសន្ន​បី​ខ្ទង់​ ឬ​បួន​ខ្ទង់​មាន​ច្រើន​ពិបាក​ចង​ចាំ​ចំពោះ​សាធារណ​ជន​ ក្រសួង​ប.ទ.​បាន​សាក​ល្បង​បង្កើត​នូវ​កញ្ចប់​លេខ​គ្រា​អាសន្ន​សម្រាប់​ទូរស័ព្ទ​ដៃ​វៃ​ឆ្លាត​ ( Smart ​phone)​ ដែល​អាច​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​ហៅ​សុំ​អន្តរាគមន៍​ដោយ​ពុំ​បាច់​ចាំ​លេខ​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ជ្រើស​រើស​រូបភាព​ហើយ​ចុច​លើ​រូបភាព​ដែល​ត្រូវ​ការ​នោះ​ (រូប​រថយន្ត​ប៉ូលីស​ ឬ​រថយន្ត​ពេទ្យ​ ឬ​រ​ថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ដើម​)​ ដែល​មាន​ Apps​ នៅ​លើ​កញ្ចក់​ទូរស័ព្ទ​ ប៉ុន្តែ​កម្ម​វិធី​នេះ​​ ត្រូវ​រង់​ចាំ​លេខ​​ ១១៧ ​ឬ​១១៨​ ឲ្យ​ដំណើរ​ការ​បាន​ល្អ​សិន​។

បន្ទាប់​ពីការស្តាប់សេចក្តីរាយការណ៍របស់បណ្តាអង្គភាពរដ្ឋដែលជាអ្នកផ្តល់សេវាគ្រាអាសន្ន ​តាម​លេខ​ពិសេស​ ០៣​ខ្ទង់​ និង​០៤​ខ្ទង់​ របស់​ជាតិ ​និង​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួ​ចមក​ អង្គ​ប្រជុំ​បា​ន​សង្កេត​ឃើញ​ថា៖​
            ១-ការប្រើប្រាស់លេខ ១១៥  ទាក់ទងនឹងជំងឺឆ្លងដូចជាផ្តាសាយបក្សីជាដើម បាន​ដំណើរ​ការ​ល្អ​បម្រើ​សាធារណ​ជន​ ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​ទាន់​ពេល​វេលា ​នៅ​គ្រប់​ទី​កន្លែង​។​
            ២-ចំពោះលេខ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏​មាន​ដំណើរ​ការ​រលូន​ក្នុង​ការ​បញ្ជូន​សារ​ជា​សម្លេង​ទៅ​ដល់​គោល​ដៅ​សម្រាប់​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម​។​
            ៣-ចំពោះលេខ ១១៧-១១៨ ពុំទាន់អាចដំណើរការបានល្អ អាចជូនសាធារណជនបានប្រើប្រាស់​បាន​នៅឡើយ​ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ដំណើរ​ការ​ កុំ​ឲ្យ​មាន​ឧបស័គ្គ​។

លទ្ធផលអង្គប្រជុំ៖

១- ដោយហេតុថាលេខគ្រាអាសន្នមានច្រើន តំណាងក្រសួងមហាផ្ទៃបានស្នើឲ្យជួយធ្វើយ៉ាង​ណា​ឲ្យ​ដំណើរ​ការ​រលូន​ល្អ​ នូវ​លេខ​គ្រា​អាសន្ន​ជា​ពិសេស​ សុំ​រក្សា​តែ​មួយ​ លេខ ​១១៧ ​របស់​ជាតិ​ សម្រាប់​សន្តិសុខ​សាធារណៈ ​(លេខ ​ប៉ូលីស)​ ដែល​សាធារណ​ជន​ងាយ​ចង​ចាំ ​ហើយ​ហៅ​ចូល​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ​ក្នុង​ស្ថាន​ភាព​អាសន្ន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ ។
២- ដើម្បី លេខ១១៧របស់ជាតិ អាចដំណើរការបានល្អត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព​ ក្រសួង​មហា​ផ្ទៃ​​នឹង​ចាត់​ចែង​ឲ្យ​ពិនិត្យ​ សម្រប​សម្រួល​ រួម​គ្នា​សហការ​ មាន​គ្រប់​អង្គភាព​ពាក់​ព័ន្ធ​ ក្នុង​ការ​ដោះ​ស្រាយ​បច្ចេក​ទេស​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ PABX​ ឡើង​វិញ។​
៣- នៅពេលដែល លេខ​១១៧ បានដំណើរការហើយនោះ ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​នាំ​គ្នា​ផ្សព្វ​ផ្សាយ​ជូន​សាធារណ​ជន​ឲ្យ​ស្គាល់​តែ ​លេខ១១៧​ របស់ជាតិ​។​ ពេល​នោះ ​លេខនេះ​ នឹង​ក្លាយ​ទៅលេខ​គ្រា​អាសន្ន​តែ​មួយ​​របស់​ជាតិ​​ សម្រាប់​​សន្តិសុខ​​សាធារណៈ ​​(លេខ ​ប៉ូលីស)​ ដែល​អាច​ហៅ​ចូល​បាន​ពី​គ្រប់​ទី​កន្លែង ​ទោះ​ប្រើ​ទូរស័ព្ទ​អ្វី​ ប្រព័ន្ធ​អ្វី​ក៏​ដោយ​។​ «ឯ​លេខ​គ្រា​អាសន្ន​ផ្សេង​ទៀត​ដែល​មាន​សកម្មភាព​ស្រាប់​ កំពុង​ដំណើ​ការ​ មិ​ន​ប៉ះ​ពាល់​នោះ​ទេ»។​


 

អត្ថបទជាប់ទាក់ទង