ឯកឧត្តម ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការរបាយការណ៍ស្តីពី «និរន្តរភាពប្រចាំឆ្នាំ ២០១៥~២០១៦» របស់ក្រុមហ៊ុន Smart Axiata
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការរបាយការណ៍ស្តីពី «និរន្តរភាពប្រចាំឆ្នាំ ២០១៥~២០១៦» របស់ក្រុមហ៊ុន Smart Axiata ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមជាមួយតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
របាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ២០១៥~២០១៦ បានបង្ហាញយ៉ាងច្បាស់នូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Smart ក្នុងការទ្រទ្រង់និរន្តរភាព បង្ហាញអំពីការចូលរួមចំណែក ការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់ក្រុមហ៊ុន ក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គម ចំពោះប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៥ ~ ២០១៦ ក្រោមសសរស្តម្ភចំនួនបួនគឺ៖
– សសរទី១ លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែងតាមរយៈការវិនិយោគរបស់ពួកយើង ក៏ដូចជាការធានាអោយបាននូវការរួមបញ្ចូលជាច្រើនទៀត នៅក្នុងផលិតផល និងសេវាកម្មរបស់ពួកយើង។
– សសរទី២ ការកសាងធនធានមនុស្ស៖ ការបណ្តុះបណ្តាលធនធានមនុស្សលំដាប់ពិភពលោក ដែលបង្កើតឡើងលើគុណតម្លៃស្នូលរបស់ Axiata ព្រមទាំងផ្តល់កន្លែងធ្វើការដែលអំណោយផលចំពោះភាពច្នៃប្រឌិត និងការអភិវឌ្ឍ។
– សសរទី៣ ដំណើរការល្អឥតខ្ចោះ៖ ការកែលម្អលើដំណើរការដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើអតិថិជនរបស់យើង និងប្រតិបត្តិការផ្ទៃក្នុងរបស់ក្រុមហ៊ុន។
- សសរទី៤ ពិភពលោក និងសង្គម៖ ការផ្តួចផ្តើមគម្រោងក្នុងបំណងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង និងការរួមចំណែកការងារក្នុងសង្គមកម្ពុជា។
លោក ថូម៉ាស ហ៊ុន នាយកប្រត្តិបត្តិក្រុមហ៊ុន Smart បានលើកឡើងថា «របាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ២០១៥~២០១៦ គឺជាការបញ្ជាក់ឡើងវិញនៃចក្ខុវិស័យ សមិទ្ធផលរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពដែលដាក់ចេញប្រកបដោយតម្លាភាពសម្រាប់ភាគីពាក់ព័ន្ធ និងសារធារណៈជនបានជ្រាប។ តាមរយៈការសហការគ្នាជាមួយដៃគូធំៗជាច្រើនរួមមាន អង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការស្ទែមកម្ពុជា អង្គការបាល់ទាត់រីករាយកម្ពុជាអូស្រាលី អង្គការទស្សនៈពិភពលោក គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួង-ស្ថាប័ននានា ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ ក្រសួងបរិស្ថានជាដើម ក្រុមហ៊ុន Smart បានជួយលើកស្ទួយអោយប្រជាជនជាច្រើនមានសង្ឃឹមចំពោះអនាគតដ៏ល្អប្រសើរ»។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ «កោតសរសើរក្រុមហ៊ុន Smart ចំពោះការរួមចំណែកដ៏ខ្លាំងនៅក្នុងវិស័យនេះ ហើយការសហការរបស់ Smart ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាឧទាហរណ៍នៃភាពជាដៃគូអភិវឌ្ឍន៍ដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក្រៅពីផ្តល់ជូននូវសេវាទូរស័ព្ទ និងការលើកកម្ពស់ការច្នៃប្រឌិតឌីជីថល Smart ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ក្រសួងដូចជា កម្មវិធីអន្តេវាសិកដ្ឋានរបស់ NIPTICT កម្មវិធីពានរង្វាន់ ICT កម្ពុជាប្រចាំឆ្នាំ និងកម្មវិធីអ្នកស្ម័គ្រចិត្ត ICT។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យមានការបណ្តាក់ទុនបែបឌីជីថលថ្មីៗ ដើម្បីផ្ដល់ឱកាសបន្ថែមទៀតដល់ប្រជាជនកម្ពុជា រួមទាំងសហគ្រិន និងអ្នកប្រើប្រាស់កម្មវិធីឌីជីថលនាពេលអនាគត»។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា «ខ្ញុំជំរុញអោយក្រុមហ៊ុន Smart បន្តការចូលរួមចំណែកអោយច្រើនតទៅទៀតមកព្រះរាជាណាចក្រកម្ពុជា ដូចជាការវិនិយោគរយៈពេលយូរអង្វែងទៅលើបណ្តាញ និងបច្ចេកវិទ្យាជឿនលឿន រួមចំណែកផ្តល់នូវការដោះដូរអោយទាន់ពេលវេលា ការអភិវឌ្ឍទេពកោសល្យក្នុងតំបន់ គំនិតផ្តួចផ្តើមបែបឌីជីថល និងទំនួលខុសត្រូវក្នុងសង្គម CSR របស់ពួកគេ ដែលមានភាពលេចធ្លោនៅក្នុងចំណោមអ្នកប្រើប្រាស់វិស័យ ICT»។
មុនបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្រុមហ៊ុន Smart នូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅកម្ពុជា ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តមួយទទួលបានភាពជោគជ័យ ហើយក៏ជាអាជីវកម្មប្រកបដោយទំនួលខុសត្រូវឆ្ពោះទៅរកការសម្រេចបាននូវភាពល្អប្រសើរនៅប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដៃគូសន្ទនា សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីពង្រឹងការអនុវត្តរបៀបវារៈសម្រាប់ឆ្នាំ២០៣០៕