ឯកឧត្ដម ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការបច្ចេកវិទ្យា 4.5G នៅកម្ពុជា» របស់ក្រុមហ៊ុន Smart Axiata
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការបច្ចេកវិទ្យា 4.5G នៅកម្ពុជា» ក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន Smart Axiata និង Huawei។
លោក ថូ ម៉ាសហ៊ុន បានឲ្យដឹងថា «បច្ចេកវិទ្យា 4.5G នេះមានសក្ដានុពលក្នុងការបង្កើនប្រសិទ្ធភាពបណ្ដាញទូរស័ព្ទ និងផ្ដល់ជូនអ្នកប្រើប្រាស់នូវអ៊ិនធឺណិតល្បឿនលឿនជាងមុន រួមផ្សំជាមួយបទពិសោធន៍ និងការកម្សាន្តផ្សេងទៀតដែលផ្ដល់ជូននៅលើសេវា 4G+ និង 4.5G ដែលលឿនជាង 4G ធម្មតារហូតដល់ ៨ដង។ Smart បានបោះទុនវិនិយោគចំនួន ៧៥លានដុល្លារ នៅក្នុងឆ្នាំ២០១៦ និង៨០លានដុល្លារទៀតនៅក្នុងឆ្នាំនេះ ដើម្បីពង្រីក និងកែលម្អបណ្ដាញ ដើម្បីផ្ដល់ជូនសេវាអ៊ីធឺណិត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត»។
ជាមួយគា្ននោះលោក David Lixiongwei អគ្គនាយក្រុមហ៊ុន Huawei បានថ្លែងឲ្យដឹងដែរថា «ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលបានរួមសហការជាមួយក្រុមហ៊ុន Smart នាំយកបណ្ដាញ 4.5G មកកម្ពុជា ហើយនឹងការខិតទៅរកបច្ចេកវិទ្យាជំនាន់ក្រោយ។ ការវិវត្តន៍នៃបច្ចេកវិទ្យា 4.5G ពិតជានឹងនាំមកនូវការអភិវឌ្ឍសំខាន់ៗលើ 4G ដែលមាននៅពេលបច្ចុប្បន្ននេះ ក៏ដូចជាដើរតួនាទីជាស្ពាន ឆ្ពោះទៅរកបច្ចេកវិទ្យា 5G នាពេលអនាគតដែលវានឹងគាំទ្រសេវានានា រួមមានសេវា Mobile Cloud Service ការទស្សនាវីឌីអូក្នុងកម្រិត 4K Vierual Reality, Internet of Things និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត»៕
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ការដាក់ឲ្យដំណើរការបច្ចេកវិទ្យា 4.5G នាពេលនេះ បានបង្ហាញឲ្យឃើញថា វិស័យ ICT នៅកម្ពុជាបាននឹងកំពុងតែធ្វើដំណើរទៅតាមទិសដៅត្រឹមត្រូវ ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតភ្ជាប់ និងការធានាឲ្យបាននូវប្រយោជន៍ពីវិស័យ ICT ឲ្យបានទៅដល់សហគមន៍ដាច់ស្រយាល និងសហគមន៍ងាយរងគ្រោះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅដោយកំណត់នៅឆ្នាំ២០២០ សេវារលកសញ្ញា (Broadband) ត្រូវគ្របដណ្ដប់ 100% នៅតាមទីប្រជុំជន និង 70% នៅតំបន់ជនបទ ហើយ 80%នៃប្រជាជនមានអ៊ិនធឺណិតប្រើប្រាស់ រួមទាំងវិស័យច្រើនទៀតដូចមានរៀបរាប់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២០២០ (T-ICT 2020)»។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា «យើងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Smart និង Huawei នឹងនាំមកនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ដើម្បីឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរួមគ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងណា ខ្ញុំសូមជំរុញឱ្យភាគី ដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ទាំងអស់ សូមកុំយកការដាក់ដំណើរការបច្ចេកវិទ្យា 4.5G គ្រាន់ជាជំហានដើម្បីឆ្ពោះទៅរក 5G អោយសោះ។ បច្ចេកវិទ្យា 5G នេះមិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេ តែវានឹងធ្វើសមាហរណកម្មនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងអស់បញ្ចូលគ្នា ដែលទាមទាឱ្យមានការរៀបចំបទបញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានរួចរាល់។ ដូច្នេះបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា 5G មានដូចជា ហ្វ្រេកង់ស៍ ក្របខ័ណ្ឌស្តង់ដារ និងបទប្បញ្ញត្តិនានា តម្រូវឱ្យធ្វើការត្រួតពិនិត្យ និងសិក្សាដោយប្រុងប្រយ័ត្នពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានកិច្ចសហប្រតិបត្តិការពីប្រតិបត្តិករនានាគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់សេវានេះនៅកម្ពុជា»៕
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញអោយប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវពន្លឿនការស្រាវជ្រាវ និងការអភិវឌ្ឍភាពជាដៃគូរបស់ពួកគេ និងដាក់លទ្ធផលទាំងនោះនៅក្នុងសកម្មភាពជាក់ស្តែងដើម្បីបង្កើន និងពង្រីកមាតិកា និងការអភិវឌ្ឍន៍កម្មវិធីសម្រាប់តម្រូវការរបស់ប្រជាជនរបស់យើង៕