កិច្ច​ប្រជុំ​ចែក​រំលែក​បទ​ពិសោធន៍​រវាង​ប្រៃ​សណីយ៍​​កម្ពុជា​ និង​ប្រៃសណីយ៍​ជប៉ុន​

រាជធានីភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ​នៅទីស្តីការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​ឯកឧត្តម​ ឯក​ វណ្ណឌី​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​រៀប​ចំ ​និង​គ្រប់​គ្រង​វិស័យ​ប្រៃ​សណីយ៍​របស់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន​។

​ឯកឧត្តម​ ឯក​ វណ្ណឌី​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​ ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ (Postal​ E-Service) ​លេខា​ធិការ​ទី២​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​និង​មន្រ្តី​នៃ​ក្រសួង​ការពារជាតិ​ និង​គមនាគមន៍​របស់​ប្រទេស​ជប៉ុន ​(Ministry ​of​ Internal​ Affairs​ and ​Communications)​។​

នៅក្នុងកិច្ចប្រជុំនេះ ភាគីជប៉ុនបានធ្វើបទបង្ហាញ ​និង​ចែក​រំលែក​បទ​ពិសោធន៍​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការ​បង្កើត​ប្រៃ​សណីយ៍​ជប៉ុន​ ការ​វិវត្តន៍​វិស័យ​ប្រៃ​សណីយ៍​ និង​ការ​ប្រតិបត្តិ​នូវ​ការ​ផ្តល់​សេវា​ប្រៃ​សណីយ៍​ឲ្យ​បាន​គ្រប់​កន្លែង​ជា​ពិសេស​តំបន់​ដាច់​ស្រយ៉ាល​ដែល​បញ្ជូល​ទាំង​សេវា​ប្រាក់​សន្សំ​ (Postal​ Saving​ Bank) ​និង​សេវា​ធានា​រាប់​រង​អាយុ​ជីវិត​ (Postal ​Life​ Insurance)​ដែល​ប្រជាជន​អាច​ប្រើ​ប្រាស់​សេវា​បាន​គ្រប់​កន្លែង​ និង​ងាយ​ស្រួល។​

បន្ទាប់ពីបានស្តាប់បទបង្ហាញ ភាគីទាំង២បានស្វែងយល់ពីគ្នាទៅវិញ​ទៅ​មក​លើ​ការ​អនុវត្ត​ និង​ការ​ប្រតិបត្តិ​ក្នុង​វិស័យ​ប្រៃ​សណីយ៍ ​ហើយ​ក៏​មាន​គោល​ជំហរ​ក្នុង​ការ​ជួយ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ភាគី​ទាំង​២​ដើម្បី​បន្ត​ជំរុញ​កិច្ច​ការងារ​អភិវឌ្ឍន៍​វិស័យ​ប្រៃ​សណីយ៍​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​បរិយាកាស​ និង​តម្រូវ​ការ​របស់​ប្រជាជន​ និង​អតិថិជន​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​


 

អត្ថបទជាប់ទាក់ទង