ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧ - ២០១៨ ដែលប្រារពធ្វើឡើងនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា នីបតិច (NIPTICT) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានជាតិ NIPTICT និងនិស្សិតនៃវិទ្យាស្ថានជាតិសរុបមានចំនួនប្រមាណ ២០០នាក់។
ក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨នេះ ឯកឧត្តម ត្រាំ អុីវតឹក បានសំដែងនូវការកោតសរសើរនឹងអំណរសាទរដល់ក្មួយៗ និសិ្សតជ័យលាភីទាំងអស់ដែលបានជាប់ការប្រទ្បងប្រជែងចូលរៀនឆ្នាំទី១នៅវិទ្យាស្ថានជាតិ។ គោលការណ៍នៃការជ្រើសរើសនិស្សិត ឱ្យចូលរៀនតាមរយៈការប្រឡងប្រជែង គឺធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំនៅវិទ្យាស្ថានជាតិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជម្រុញឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ការសម្រេចឲ្យ បាននូវមហិច្ឆិតានេះ ទាមទារឲ្យបង្កើនការបណ្តុះបណ្តាលធនធនមនុស្សដែលមានជំនាញ និងផលិតភាពខ្ពស់ ការកសាងស្ថាប័នអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសប្រកបដោយគុណភាព និងជាពិសេសការពង្រឹងសមត្ថភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «ការពង្រឹងគុណភាពអប់រំ ជាពិសេសការអប់រំលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងបរិបទសមាហរណកម្មអាស៊ាននាពេលបច្ចុប្បន្ននេះ និងដើម្បីធានាបាននូវការបណ្តុះបណ្តាលបច្ចេកទេសមួយដែលមានគុណភាព វិទ្យាស្ថានជាតិត្រូវរៀបចំកម្មវិធីសិក្សាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ដោយត្រូវសហការឱ្យបានល្អជាមួយវិស័យឯកជន»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយ ជាពិសេសអស់លោក លោកស្រី តំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សូមមេត្តាផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារៈដល់វិទ្យាស្ថានជាតិ ដោយផ្ដល់កិច្ចសហការក្នុងការរៀបចំចងក្រងកម្មវិធីសិក្សា ផ្តល់ឱកាសកម្មសិក្សាដល់និស្សិត របស់វិទ្យាស្ថានជាតិ ក៏ដូចជាផ្តល់នូវអ្នកជំនាញបច្ចេកទេស ដើម្បីចូលរួមធ្វើសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗដល់និស្សិត។
ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT មានប្រសាសន៍ថា៖ "វិទ្យាស្ថានជាតិបានធ្វើទំនើបកម្មក្នុងការបង្រៀន ដោយប្រើបច្ចេកវិទ្យាដូចជាការប្រើប្រាស់ e-Learning ជាឧបករណ៍ជំនួយក្នុងការបណ្តុះបណ្តាល អាចអនុញ្ញាតឱ្យនិស្សិត សិក្សាប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមុន។ វិទ្យាស្ថានជាតិបានដាក់បញ្ចូលនូវសកម្មភាពដទៃទៀតទៅក្នុងកម្មវិធីសិក្សាដូចជា ការស្រាវជ្រាវ នវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត ។ គុណភាពអប់រំតែម្យ៉ាងក៏មិនអាចធ្វើឱ្យការបណ្តុះបណ្តាលទទួលបានជោគជ័យដែរ។ យើងត្រូវការស្វែងយល់ពីតម្រូវការទីផ្សារការងារ ដើម្បីយើងអាចផលិតធនធានមនុស្សប្រកបដោយគុណភាពផង និងឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារផងដែរ។ ដូច្នេះហើយវិទ្យាស្ថានជាតិ NIPTICT បានធ្វើការសហការជាមួយទាំងដៃគូ ទាំងក្នុងវិស័យអប់រំ និងវិស័យឯកជន ដើម្បីស្វែងយល់ពីតម្រូវការទីផ្សាការងារដែលអាចឱ្យយើងអាចកែលម្អរកម្មវិធីសិក្សាស្របតាមតថភាពសង្គមជាក់ស្តែង"។
គូបញ្ជាក់ផងដែរថា NIPTICT គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាមួយដែលបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៤ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិមួយនេះ មានបេសកកម្មចំបងចំនួន៣គឺ: ទីមួយផ្តល់ការអប់រំ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្ស និងមន្ត្រីរាជការក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភាទូរគមនាគមន៍ និងបណ្តាញ និងវិទ្យាសាស្ត្រកុំព្យូទ័រ ទីពីរគឺលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងទី៣ គឺលើកកម្ពស់សហគ្រិនភាពវ័យក្មេងក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន NIPTICT បានផ្តល់កម្មវិធីបណ្តុះបណ្តាលលើមុខវិជ្ជាមូលដ្ឋានកុំព្យូទ័រជូនមន្ត្រីរាជការប្រមាណជាង៣០០០នាក់ និងកម្មវិធីបរិញ្ញាបត្រជូននិស្សិតចំនួនជាង៥០០នាក់។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Viettel និងក្រុមហ៊ុន Edotco បានផ្តល់នូវអាហារូបករណ៍ដល់និស្សិតពូកែចំនួនសរុប ៣០នាក់ ដើម្បីសិក្សានៅវិទ្យាស្ថានជាតិ។ វិភាគទាននេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់វិស័យឯកជន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសភាពជាដៃគូររវាងវិស័យឯកជនជាមួយនឹងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមាននិរន្តភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោកស្រី ឡា ណារីដា មន្ត្រីទទួលបន្ទុកការិយាល័យសិក្សា
ទូរស័ព្ទលេខ 086 311 105
អ៊ីម៉េល narida.la@niptict.edu.kh