ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដើម្បីធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចនៅមូលដ្ឋាន”។
គម្រោងនេះស្ថិតនៅក្រោមការគាំទ្រនៃកម្មវិធីភាពជាដៃគូរបស់ JICA (ហៅកាត់ថា JPP) ដែលជាកម្មវិធីសហប្រតិបត្តិការបច្ចេកទេសអនុវត្តដោយ JICA។ អង្គការអនុវត្តគឺ CIESF ដែលជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល (NPO) នៃប្រទេសជប៉ុន និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានចាត់ទុកជាការរួមចំណែកដល់ការស្តារឡើងវិញសេដ្ឋកិច្ចជនបទនៃប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
ក) ការអភិវឌ្ឍឧស្សាហកម្ម និងការងារពាក់ព័ន្ធផ្សេងៗ
ខ) ការអភិវឌ្ឍធនធានមនុស្សសំរាប់វិស័យឧស្សាហកម្ម
គ) ការកាត់បន្ថយការប្រមូលផ្តុំហួសប្រមាណនៅតំបន់ទីក្រុង
បច្ចុប្បន្ននេះ ប្រសិនបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀតបានបង្ហាញអោយឃើញថា ការខ្វះខាតការបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជាក់ស្តែងដែលជាតំរូវការឧស្សាហកម្ម ត្រូវបានគេសង្កេតឃើញយ៉ាងច្បាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមិនមានមធ្យោបាយវាស់វែងជំនាញបច្ចេកវិទ្យាព័ត៌មាន និងចំណេះដឹងរបស់វិស្វករបច្ចេកវិទ្យា និងអ្នកដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានោះឡើយ។ ទិដ្ឋភាពទាំងនេះអាចបង្ហាញពីឧបសគ្គទល់នឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជា។ គម្រោងនេះ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២១ ដែលមានរយៈពេលបួនឆ្នាំ ដោយផ្តោតលើសកម្មភាពធំៗចំនួនបីរួមមាន ការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍ជាក់ស្តែង ការលើកកម្ពស់បច្ចេកវិទ្យានៅតាមតំបន់ជនបទ និងការបង្កើតការងារព័ត៌មានវិទ្យា។
សកម្មភាពចម្បងរបស់គម្រោងនេះ គឺជាការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍ជាក់ស្តែងដែលមានបីវគ្គដូចខាងក្រោម៖
១) វគ្គសិក្សាមូលដ្ឋាន ដែលស្មើនឹងការប្រលង IP (IT Passport) របស់ ITPEC
២) វគ្គសិក្សាមធ្យម ដែលស្មើនឹងការប្រលង FE (Fundamental IT Engineers) របស់ ITPEC
៣) វគ្គសិក្សាកំរិតខ្ពស់ ដែលស្មើនឹងការប្រលង AP (Applied IT Engineers) របស់ ITPEC
សូមបញ្ជាក់ថាវគ្គសិក្សាទាំងបីខាងលើគឺផ្អែកលើចំណាត់ថ្នាក់របស់ ITPEC (IT Professional Examination Council)។
គម្រោងនេះត្រូវបានរំពឹងថាអាចរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់ធនធានមនុស្សជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំមកនូវការជំរុញសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស្ថិតនៅខេត្តក្រុងចំនួនបួនគឺ ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង។
សូមបញ្ជាក់ថា វគ្គសិក្សាទាំងនេះ គឺផ្តោតសំខាន់លើ៣ចំនុចគឺ Technology Management និង Strategy ។ កម្មវិធីសិក្សានេះជាកម្មវិធីដើម្បីប្រលងយកសញ្ញាប័ត្រវិស្វករ IT (Information-Technology Engineers Examination - ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន។ ជាពិសេសបណ្តារក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិកដែលមានសញ្ញាប័ត្រ ITEE នេះ។ សិក្ខាកាមដែលចូលរៀនវគ្គសិក្សានេះ នឹងក្លាយជាគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលបន្តទៅដល់មន្ត្រី ឬបុគ្គលិក សាស្ត្រាចារ្យ សិស្ស ផ្សេងទៀតក្នុងក្រសួង/ស្ថាប័ន និងសាលារបស់ខ្លួន។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកជា វិចិត្រ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT
តាមរយៈ ០៦៩ ៦៥៧ ០០៧ ឬអ៊ីម៉ែល vichet.chea@niptict.edu.kh
លោកស៊ុន វាសនា មន្ត្រីផ្សព្វផ្សាយសាធារណៈ និងបណ្តុះបណ្តាលនៃការិយាល័យ JICA នៅកម្ពុជា
តាមរយៈ ០២៣ ២១១ ៦៧៣/៤ ឬ ០១២ ៨៥១ ៤៤៤ ឬអ៊ីម៉ែល Soun-Veasna@jica.go.jp
លោកលីម កុកហេង អ្នកសម្របសម្រួលគម្រោង នៃអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF)
តាមរយៈ ០២៣ ២១៦ ៤៣៤ ឬ ០១៧ ៥៥ ៤៤ ៧៥ ឬអ៊ីម៉ែល l-kokheng@ciesf.org