សន្និសីទសារព័ត៌មានមូលនិធិនៃកាតព្វកិច្ចសេវាសកលទូរគមនាគមន៍” និង “មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំសន្និសីទសារព័ត៌មានស្តីពី “មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍” (ក.ម.ក.ស.ទ.) និង “មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” (ស.អ.) ក្រោមអធិបតីភាព ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានលេខាធិការនៃ ក.ម.ក.ស.ទ. និងឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សា ស.អ.។
I.មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.)
កាតព្វកិច្ចសេវាសកលទូរគមនាគមន៍ មិនមែនជាទស្សនទានថ្មីនោះទេ វាត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៦ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក និងពង្រីករហូតមកដល់ប្រទេសជាច្រើនទៀតនៅពេលដែលវិស័យទូរគមនាគមន៍ចាប់ផ្តើមរីកចម្រើន។ ហេតុនេះ កាតព្វកិច្ចនេះត្រូវបានអនុវត្តជាទូលំទូលាយនៅលើសកលលោកជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានបីគឺ Availability Affordability and Accessibility ដែលមានន័យថា ធ្វើយ៉ាងណាឲ្យសេវាទូរគមនាគមន៍គ្របដណ្តប់ឲ្យបានគ្រប់ទីកន្លែង មានតម្លៃសមរម្យ និងអាចទាញយកផលប្រយោជន៍ពីវិស័យនេះបានដោយគ្រប់ៗគ្នា។
ITU បានជំរុញរដ្ឋសមាជិករបស់ខ្លួនឲ្យអនុវត្ត USO នេះឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាសម្រេចឲ្យបានទស្សនទាន ២០២០ ដើម្បីឲ្យ ៩០% នៃប្រជាពលរដ្ឋរស់នៅតំបន់ជនបទទូទាំងពិភពលោកមានសេវាអ៊ីនធឺណេតល្បឿនលឿនប្រើប្រាស់។ កម្ពុជាដែលជារដ្ឋសមាជិកមួយដែរបានសិក្សាពីលទ្ធភាពបង្កើត USO នេះឡើងតាំងពីឆ្នាំ២០០១ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពី ITU។ ក៏ប៉ុន្តែដោយស្ថានភាពអភិវឌ្ឍន៍វិស័យសម័យកាលនោះមិនទាន់មានភាពរីកចម្រើន និងសម្បូរបែបនៅឡើយ ម្យ៉ាងទៀត ដោយយល់ថានាពេលនោះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការធ្វើសេរីភាវូបនីយកម្មនៃវិស័យនេះផងដែរ រាជរដ្ឋាភិបាលក៏មិនទាន់លើកយក USO នេះមកអនុវត្ត។ នាឆ្នាំ២០០៧ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាននៅខេត្តសៀមរាប ប្រទេសកម្ពុជា រដ្ឋមន្ត្រីទាំងអស់បានផ្តោតជាសំខាន់លើការពង្រីកសេវាទូរគមនាគមន៍នេះទៅជនបទ ហើយ USO ត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយ។ ចាប់ពីពេលនោះមក រដ្ឋជាសមាជិកអាស៊ានជាច្រើនបានអនុវត្តគោលការណ៍នេះ ដោយឡែកកម្ពុជាទើបតែចាប់ផ្តើមនាឆ្នាំ២០១៧ នេះទេ។
ផ្អែកតាមអនុក្រឹត ស្តីពីការកំណត់យន្តការសម្រាប់ការអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ បានកំណត់ថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវបង់វិភាគទាន ២% នៃចំណូលដុលរបស់ខ្លួនមកមូលនិធិកាតព្វកិច្ចសេវាសកលជារៀងរាល់ឆ្នាំ។ ហើយថវិការនេះនឹងយកទៅអនុវត្តដូចមានចែងក្នុងមាត្រា២០ ដូចខាងក្រោម៖
ក-កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សម្រាប់អ៊ីនធឺណិតល្បឿនលឿននៅតាមតំបន់អាទិភាព។
ខ-ផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍ និងសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទំនើប និងល្បឿនលឿននៅតំបន់អាទិភាពដែលបានកំណត់ក្នុងចំណុច (ក) នៃមាត្រានេះ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ។
គ-ជំរុញការកាត់បន្ថយគម្លាតឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
ឃ-ផ្តល់សេវាគ្រាអាសន្នទូទាំងប្រទេសដោយឥតគិតថ្លៃ។
ការចូលវិភាគទានរបស់ប្រតិបត្តិករទូរគមនាគមន៍មិនមែនជាពន្ធដាទេ ព្រោះថាថវិការនេះនឹងត្រូវប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍វិញដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមតំបន់ដែលបានចែងខាងលើ និងស្របតាមគោលការណ៍ដែលកំណត់ដោយក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍។ សម្រាប់ឆ្នាំដំបូងនៃការអនុវត្តគម្រោងរបស់មូលនិធិនេះ ក្រុមប្រឹក្សាភិបាលបានកំណត់យកតំបន់សាកល្បងចំនួន៦ស្រុកដែលមានលក្ខណៈសង្គម និងសេដ្ឋកិច្ចផ្សេងៗគ្នា ជាតំបន់អាទិភាពសម្រាប់អនុវត្តគម្រោងឆ្នាំ២០១៧ ដូចជា៖
- នៅខេត្តកំពង់ឆ្នាំង (ស្រុកទឹកផុស និងកំពង់លែង )
- នៅខេត្តកណ្តាល (ស្រុកល្វាឯម ខ្សាច់កណ្តាល និងស្អាង)
- នៅខេត្តព្រះសីហនុ (ស្រុកកំពង់សីលា និង)
- នៅខេត្តកោះកុង (ស្រុកថ្មបាំង ផ្តោតលើតំបន់អារ៉ែង)
បច្ចុប្បន្ននេះ ក្រុមការងារលេខាធិការដ្ឋានបានរៀបចំចុះវាស់ស្ទង់សេវាគ្របដណ្តប់នៅតាមតំបន់មួយចំនួន ហើយទទួលបានទិន្នន័យបឋមមួយចំនួន។ ក្រុមការងារនឹងចុះបញ្ចប់ការងារនេះនៅសប្តាហ៍ទី៣ នៃខែកុម្ភៈនេះ ហើយនឹងអញ្ជើញប្រតិបត្តិករទូរគមនាគមន៍ណាដែលបានបង់វិភាគទានរួចរាល់ចុះពិនិត្យជាក់ស្តែង ហើយលើកគម្រោងស្នើមកក្រុមប្រឹក្សាភិបាល ដើម្បីសុំទូទាត់ការអនុវត្តគម្រោងស្នើសុំទូទាត់ជាមុន (offset) សម្រាប់ឆ្នាំ២០១៧។ដោយឡែកក្រុមការងារលេខាធិការដ្ឋានកំពុងបញ្ចប់ពង្រាងផែនការសកម្មភាពឆ្នាំ២០១៨ ហើយនឹងប្រកាស់តំបន់ផ្សេងៗទៀតសម្រាប់អនុវត្តគម្រោង USO នេះ។
II.មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ស.អ.)
១.មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ឬហៅកាត់ថា មូលនិធិ ស.អ គឺជាមូលនិធិបង្កើតឡើងដោយច្បាប់ទូរគមនាគមន៍ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមូលដ្ឋានគ្រឹះសំខាន់ក្នុងការទ្រទ្រង់វិស័យទាំងមូលក៏ដូចជាដើម្បីការកសាងឧស្សាហកម្មនេះនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ មូលនិធិនេះឋិតនៅក្រោមការគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលមួយដែលមានសមាសភាពចំនួន ០៧រូប មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយមានលេខាធិការដ្ឋានមួយជាសេនាធិការជំនួយការគ្រប់គ្រង និងចាត់ចែងការងាររបស់ក្រុមប្រឹក្សាភិបាល។
២.ថវិកាក្នុងមូលនិធិនេះ គឺជាការបង់វិភាគទាន ១% នៃចំណូលដុលជារៀងរាល់ឆ្នាំរបស់ប្រតិបត្តិករ ទូរគមនាគមន៍ដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា។ ការប្រមូលមូលនិធិបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ២០១៧។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមសម្តែងនូវការកោតសសើរយ៉ាងខ្លាំងចំពោះប្រតិបត្តិករ ទាំងអស់ដែលបានចូលរួមអនុវត្តច្បាប់ ដើម្បីសម្រេចបានទិសដៅអភិវឌ្ឍជាក់លាក់ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល។ មកដល់ពេលនេះក៏មានប្រតិបត្តិករជាច្រើនទៀតបានបង្ហាញជំហទន់ភ្លន់ជាមួយរដ្ឋាភិបាលដោយស្នើសុំបង់វិភាគទានជាដំណាក់កាលដែរ។
៣.ជាសកម្មភាពកន្លងមកក្រុមប្រឹក្សាមូលនិធិ ស.អ បានកោះប្រជុំចំនួន ០៥ លើករួចមកហើយ។ ដោយកិច្ចប្រជុំ០៤លើក បានធ្វើឡើងក្នុងឆ្នាំ២០១៧ ដើម្បី៖
- ពិនិត្យរៀបចំដំណើរការលេខាធិការដ្ឋាន
- បង្កើតយន្តការប្រមូលនិធិ
- ពិនិត្យរៀបចំផែនការការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ផែនការ ស.អ) ដើម្បីដាក់ចេញជាការអនុវត្តក្នុងឆ្នាំ ២០១៧-២០១៨ ដោយប្រើប្រាស់មូលនិធិនេះចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ផែនការ ស.អ ត្រូវរៀបចំសម្រាប់អនុវត្តស្របតាមទិសដៅអាទិភាព ដែលបានចង្អុលរួចជាស្រេចនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងគោលដៅអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាដែរ។ ទាំងជាផែនការរយៈពេលវែង និងខ្លី ក្រុមប្រឹក្សាភិបាលបានសម្រេចប្រើប្រាស់មូលនិធិ ស.អ.អនុវត្តសកម្មភាពអាទិភាពក្នុងគោលដៅយុទ្ធសាស្រ្តចំនួនបីគឺ៖
+ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
+ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
+ជំរុញការបង្កើតអាជីវកម្មថ្មីៗ ខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ជាផែនការសម្រាប់ឆ្នាំ២០១៧ និង២០១៨ ក្រុមប្រឹក្សាបានកំណត់សកម្មភាពអាទិភាពចំនួន១៤ និងគម្រោងត្រូវអនុវត្តជាច្រើនទៀត។
៤. នៅក្នុងថ្ងៃនេះ ក្រុមប្រឹក្សាភិបាលបានកោះប្រជុំលើកទី៥ ហើយបានសម្រេចអនុម័តគម្រោង និងការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
-គម្រោងសាងសង់មជ្ឈមណ្ឌលនុវានវត្តន៍ និងសហគ្រិនភាព ដែលនឹងប្រើប្រាស់ទឹកប្រាក់សរុប ៣,៦ លានដុល្លាសហរដ្ឋអាមេរិក។
-ការទូទាត់គម្រោងពាក់ព័ន្ធនានាដែលប្រតិបត្តិករបានអនុវត្តដោយផ្ទាល់ដូចជាការផ្តល់អាហារូបករណ៍ដល់និសិត្សជំនាញទូរគមនាគមន៍ និងព័ត៌មានវិទ្យា ការជួយបណ្តុះបណ្តាលនិងពង្រីកកម្មវិធីសហគ្រិនភាពផ្នែកបចេ្ចកវិទ្យាគមនាគមន៍ និងព័ត៌មាន។
-ការពិនិត្យលៃលកថវិកាមូលនិធិសម្រាប់ការពង្រីកថ្នាក់រៀនកុំព្យូទ័រ នៅតាមមធ្យមសិក្សាទូទាំងប្រទេស។ ក្រុមប្រឹក្សាបានស្នើឱ្យអ្នកបច្ចេកទេសរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា សិក្សាលក្ខណៈបច្ចេកទេសរួចស្រេចដើម្បីដាក់សំណើរអនុវត្តមកក្រុមប្រឹក្សាមូលនិធិពិនិត្យសម្រេច។
-ដោយឡែកគម្រោងដទៃទៀតនឹងត្រូវប្រកាសជាសាធារណៈសម្រាប់ស្វែងរកដៃគូរអនុវត្ត នៅពេល ដែលមូលនិធិត្រូវបានប្រមូលជាបន្តបន្ទាប់៕