ឯកឧត្ដម ត្រាំ អុីវតឹក បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ស្តីពីការពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅប្រទេសកម្ពុជា
សាធារណរដ្ឋកូរ៉េខាងត្បូង៖ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ស្តីពីការពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅប្រទេសកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងឡើង។ KT គឺជាក្រុមហ៊ុនទូរស័ព្ទដ៏ធំជាងគេមួយរបស់រដ្ឋ នៃសាធារណរដ្ឋកូរ៉េ ដែលបាននឹងកំពុងផ្តល់សេវាកម្មជាច្រើនផ្នែកខាងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ (Telecoms) និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។ ក្រុមហ៊ុនបានបម្រើសេវាកម្មខាងផ្នែកទូរស័ព្ទអចល័តដល់ប្រជាជនប្រមាណ 90% និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាជនប្រមាណ 45% នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះដែរ KT បាននឹងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជាក្នុងការជម្រុញកំណែទម្រង់ និងធ្វើអោយប្រសើរឡើងនូវក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) របស់រដ្ឋ តាមរយៈការផ្តល់ប្រឹក្សាខាងផ្នែកបច្ចេកទេស ការបញ្ជូនអ្នកជំនាញបច្ចេកទេសមានបទពិសោធន៍មកប្រទេសកម្ពុជា និងការផ្តល់ឱកាសក្នុងការសិក្សាបន្ថែមលើបច្ចេកវិទ្យាចុងក្រោយរបស់ KT ដូចជា ប្រព័ន្ធ 5G Artificial Intelligence (AI) Internet of Things (IoT) ជាដើម។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត៕