សន្និសីទសារព័ត៌មានស្តីពីការ​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨

នវានុវត្តន៍ជាចំនុចសំខាន់នៅក្នុងពានរង្វាន់ ICT កម្ពុជា ២០១៨, សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) កំពុងរៀបចំកម្មវិធី ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨ ដែលជា កម្មវិធីប្រកួតប្រជែងដ៏ធំមួយ ដើម្បីបង្ហាញនូវសមិទិ្ធផលជោគជ័យនានា លើការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនអាចដាក់ពាក្យ​ចូលរួមប្រកួតប្រជែងមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច (Start-up)  សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ​ មុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៥កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨
គម្រោងដែលមានលក្ខណៈច្នៃប្រឌិត​​ និងនវានុវត្តន៍អាចចុះឈ្មោះចូលរួមប្រកួតប្រជែង
ការចាប់ផ្តើមចុះឈ្មោះក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ត្រូវបានបើកចាប់ពីថ្ងៃទីតទៅ។ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច (Start-up)  ឬអង្គការមិនមែនរដ្ឋាភិបាល  អាចផ្ញើមកនូវព័ត៌មានពី   សេវាកម្ម ផលិតផល ឬដំណោះស្រាយក្នុងផ្នែក ICT របស់ខ្លួន ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែង។
ចាប់ពីឆ្នាំ ២០១៥ វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងទទួលពានរង្វាន់ជាទឹកប្រាក់រហូត ដល់ទៅ មួយម៉ឺនដុល្លាអាមេរិច(ជ័យលាភីលេខ១) បីពាន់ដុល្លាអាមេរិច(ជ័យលាភីលេខ២) និងពីរពាន់ដុល្លាអាមេរិច(ជ័យលាភីលេខ៣) រីឯជ័យលាភីល្អផ្តាច់គេក្នុងវិស័យនីមួយៗនឹងទទួលពានរង្វាន់ជាទឹកប្រាក់ ពីរពាន់ដុល្លាអាមេរិច ដែលពានរង្វាន់នេះនឹងជួយឱ្យអាជីវកម្មរបស់ពួកគេឈានឡើងបានមួយកម្រិតទៀត។ រង្វាន់មិនត្រូវបានផ្តល់ជូនត្រួតគ្នាសម្រាប់ម្ចាស់ជ័យលាភីឡើយ។ ម្ចាស់ជ័យលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់។  ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ១/ JAILBREAK The Game បង្កើត​ឡើង​ដោយ ​Direct Play ដែល​នេះ​ជា​ហ្គេម សម្រាប់​លេង​តាម​ទូរស័ព្ទ​ដែល​បាន​រចនា​ឡើង​បន្ទាប់ពី​ខ្សែ​ភាពយន្ត​ខ្មែរ មាន​ចំណងជើង​ថា Jailbreak​ ២/​ Bong Pheak បង្កើត​ឡើង​ដោយ Open Institute​។ Bong Pheak គឺជា​សេវាកម្ម​ការងារ​ដែល​បាន​បើក​ដំណើរការ​នៅ​ខែតុលា​ឆ្នាំ​២០១៦ ដែល​ដាក់​បង្ហាញ​នូវ​ការងារ​គ្មាន​ជំនាញ និង​ការងារ​ប្រើ​ជំនាញ​តិចតួច​ ៣/ប្រព័ន្ធ​ចុះបញ្ជី​រថយន្ត​ស្វ័យប្រវត្តិ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលប្រព័ន្ធ​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​រថយន្ត​របស់​ពួកគេ​តាមរយៈ​កម្មវិធី​អន​ឡាញ ដែល​អាច​សន្សំសំចៃ​ពេលវេលា និង​ថវិកា និង​លុបបំបាត់​ជា​លំដាប់​នូវ​ការបង់ប្រាក់​ក្រៅ​ផ្លូវការ​។

កម្មវិធីនេះអនុញ្ញាតឱ្យគ្រប់ស្ថាប័នទាំងអស់បង្ហាញពីភាពច្នៃប្រឌិត
ឯកឧត្តមបណ្ឌិត​ សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “​នវានុវត្តន៍ អាចចាប់ផ្តើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ហេតុដូច្នេះហើយ ទើប កម្មវិធីប្រកួតប្រជែងនេះ ផ្តួចផ្តើមឱ្យមានពានរង្វាន់សម្រាប់ពហុវិស័យ ដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច Start-ups ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែន រដ្ឋាភិបាល ចូលរួមបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ។”
បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន៦ រួមមាន៖

  • ការចាប់ផ្តើមធុរកិច្ច
  • មាតិកាឌីជីថល
  • វិស័យឯកជន
  • ការទទួលខុសត្រូវក្នុងសង្គម
  • វិស័យសាធារណៈ
  • ការស្រាវជ្រាវ និងអភិវឌ្ឍ

បន្ទាប់ពីជម្រុះជុំទី១ បេក្ខជនដែលជាប់វគ្គជម្រុះទាំងអស់ នឹងត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ ចៅក្រមដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ មានតែបេក្ខជនចំនួន១២ តែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចូលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត។ គម្រោងប្រកួតប្រជែង នឹងត្រូវបានវាយតម្លៃដោយផ្អែកលើភាព     ច្នៃប្រឌិត អត្ថប្រយោជន៍ដល់សង្គម គុណភាពនិងភាពទុកចិត្តបាននៃផលិតផល និងកម្រិតប្រើប្រាស់បច្ចកវិទ្យានៅក្នុងគម្រោង។ ជ័យលាភី៦រូបនឹងត្រូវបានជ្រើសរើស ដែលក្នុងនោះជ័យលាភីមួយរូបសម្រាប់មួយវិស័យ។ ក្នុងចំណោមជ័យលាភីទាំង៦រូប នឹងមានតែជ័យលាភី៣រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។

ការទទួលស្គាល់ទាំងក្នុងថ្នាក់តំបន់និងថ្នាក់អន្តរជាតិសម្រាប់បេក្ខជនជ័យលាភី
ពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការនិងឧបត្ថម្ភធំ យល់ឃើញថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញ ពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាសដ៏ពិសេស សម្រាប់បណ្តា  ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍  ជំនាញនិងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយមលើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យារបស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។
កាលពីឆ្នាំ២០១៧ បេក្ខជនចំនួន១២ ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន៣ បានទទួលបានមេដាយមាសបី ក្នុង ពាន់រង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុសត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន។
បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៨ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។
សម្រាប់ដំណើរការនៃការដាក់ពាក្យ សូមចូលទៅកាន់ http://www.cambodiaictawards.com/

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
Rapid SUN, Vice President
NIPTICT
rapid@niptict.edu.kh
+855 (0)16 868984
 
អំពីវិទ្យាស្ថានជាតិ NIPTICT
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) គឺជាវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិ NIPTICT មានបេសកកម្មដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយគុណភាពនិងជំនាញខ្ពស់ ក្នុងវិស័យ ICT ដែល​នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ច      អាស៊ាន។ វិទ្យាស្ថានជាតិ NIPTICT បានផ្តួចផ្តើមបង្កើតបានរង្វាន់ ICT កម្ពុជា តាំងពីឆ្នាំ២០១៥។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.niptict.edu.kh


 

អត្ថបទជាប់ទាក់ទង