សិក្ខាសាលាស្តីពី “និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីពី “និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពី ឯកឧត្ដម ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម លោក លោកស្រី មន្ត្រីរាជការក្រសួង ព្រមទាំងអ្នកសារព័ត៌មាននានា។
សិក្ខាសាលានេះបានរៀបចំឡើងក្រោមភាពជាដៃគូររវាងវិទ្យាស្ថានជាតិនីបទីក (NIPTICT) ជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយនានាដូចជា កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គម ។ល។ ដើម្បីស្វែងយល់ពីនិន្នាការទៅអនាគតនៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជាពិសេស ដើម្បីលើកកម្ពស់ការប្រើប្រាស់ “វាក្យស័ព្ទ” ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យបានត្រឹមត្រូវស្របទៅតាមអត្ថន័យបច្ចេកទេស ក្នុងពេលធ្វើការរាយការណ៍អំពី សិក្ខាសាលា វេទិកា ឬព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕