ឯកឧត្ដមរដ្ឋ​លេខាធិការ​ កាន ច័ន្ទមេត្តា ​អញ្ជើញ​ជាអធិបតី​ប្រកាស​ជ័យ​លាភី​ទាំងបីរូប​ ក្នុង​កម្មវិធី​ “ស្រ្តីកម្ពុជា​ក្នុង​វិស័យបច្ចេកវិទ្យា​”​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨  នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​មានរៀបចំពិធីប្រកាស​​នូវស្រ្តីខ្មែរទាំង០៣រូប ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធី “​ស្រ្តីកម្ពុជា​ក្នុងវិស័យ​បច្ចេកវិទ្យា”។

កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនផុសផុលនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ​​ដើ​ម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឱ្យក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងរីកចម្រើននៅក្នុងយុគសម័យ​ឌីជីថល​នេះ​។ កម្មវិធី​នេះផ្តោតលើប្រធានបទ “​ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈ​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន”​ បាន​ប្រកាស​រកបេក្ខភាព​ជាស្ត្រីកម្ពុជា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ និងមានការចូលរួមពីគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត។ បន្ទាប់មកគណៈវិនិច្ឆ័យបាន​ធ្វើ​​​ការជ្រើសរើស​ ហើយ​វាយតម្លៃរក​ស្រ្តី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​​​គ្រប់គ្រាន់​​។​ ជ័យលាភីក្នុងកម្មវិធីនេះ មាន ០៣រូប រួមមាន៖ កញ្ញា ចាន់ ពេញលក្ខ ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award  ​កញ្ញា  ឡុង លក្ខិណា ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award និង អ្នកនាង ហ្វាត់ ស៊ីអែម ទទួលបានជ័យជំនះ Cambodian Woman ICT Engineer Award។​   

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់និងបណ្ណសរសើរនេះ ​ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងចំណាប់អារម្មណ៍ថា: “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមោទនភាពក្រៃលែងចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់បេក្ខភាពនារីៗ ចំនួន៣០នាក់ ហើយគណៈវិនិច្ឆ័យរបស់យើងវិញដែលមកពីស្ថាប័នផ្សេងៗក៏មានការកោតស្ញប់ស្ញែងទៅលើបេក្ខភាពនីមួយៗ។ មិនមានភាពងាយស្រួលទេក្នុងការជ្រើសរើសដោយស្រ្តីដែលចូលរួមនីមួយៗសុទ្ធតែមានសមត្ថភាព និងបទពិសោធខ្ពស់ៗ។ ក្រសួងសង្ឃឹមថា ឆ្នាំក្រោយពួកគាត់នឹងចូលរួមម្តងទៀត ហើយនឹងទទួលបានការស្នើបេក្ខភាព (nomination) អោយបានច្រើនជាងឆ្នាំនេះទៅទៀត”។  
ឯកឧត្តមបណ្ឌិត​ក៏​បាន​លើកឡើង​ផងដែរថា នាពេលកន្លងមកយើង​មើល​ឃើញ​ថា ស្រ្តី​កម្ពុជា​មានចំនួនតិចតួចណាស់​​ដែលបាន​ចាប់យក​ជំនាញ និងធ្វើការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះ ទោះ​ជា​ពួក​គាត់​មាន​សមត្ថភាព និងការច្នៃប្រឌិតប្លែកៗ​​មិន​ចាញ់បុរស​ក៏​ដោយ​​។ ដើម្បីជំរុញ​ការចូលរួមបន្ថែមទៀត យើងចាំ​បាច់​ត្រូវ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​នានា។​ ជាលទ្ធផល ពាន​រង្វាន់​ស្រ្តី​ឆ្នើមក្នុងវិស័យ​បច្ចេកវិទ្យា​នេះនឹង​ជួយបំផុស​​ទឹក​​​ចិត្ត​ឱ្យ​ស្រ្តីដទៃ​ទៀតចាប់អារម្មណ៍​ និងចូលរួម​​ជា​បន្ត​បន្ទាប់​​។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគឺជាឧបករណ៍មួយសម្រាប់ស្ត្រីក្នុងការបង្កើតមុខរបរតាមប្រព័ន្ធអ៊ឺនធឺណិតផងដែរ ទោះបីជាគាត់នៅផ្ទះក៏គាត់អាចរកកម្រៃបានផងដែរ ហើយវាក៏ជួយដល់ការប្រាស្រ័យទាក់ទងជាច្រើនផងដែរ៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”