​កិច្ច​ប្រជុំស្តីពី​ “ការ​ពង្រឹង​សន្តិសុខ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពង្រឹងសន្តិសុខក្នុងការប្រើប្រាស់បណ្តាញទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ មន្ត្រីរាជការក្រសួងប.ទ មន្ត្រីមកពីអគ្គស្នងការនគរបាលជាតិ និងតំណាងប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាច្រើនរូប។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីស្ថានភាពសន្តិសុខ (Security) ក្នុងការប្រើប្រាស់បណ្តាញទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងខណៈពេលដែលមានការកើនឡើងនូវការហេគ (Hacked) ចូលទៅក្នុងគណនីហ្វេសប៊ុករបស់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងសាធារណៈជនទូទៅ។ បណ្តាញទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គឺជាផ្នែកមួយដ៏សំខាន់ដែលដើរតួនាទីស្នូលធ្វើជាឆ្អឹងខ្នងសម្រាប់ឲ្យសេវាអនឡាញនានាដំណើរការបានទៅដោយរលូនប្រកបដោយសន្តិសុខ និងសុវត្ថិភាព។ ការរៀបចំយន្តការដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ និងសុវត្ថិភាពនៃបណ្តាញទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់វិស័យឯកជន (ប្រតិបត្តិករ) គឺជាភារកិច្ចមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវដើរតួក្នុងនាមជាអាណាព្យាបាលធ្វើការជជែកពិភាក្សា និងដាក់ចេញនូវវិធានការណ៍នានា ដើម្បីធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទទួលបានទំនុកចិត្ត។

បច្ចុប្បន្ននេះ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម គឺកាន់តែមានភាពទូលំទូលាយដែលក្នុងដើមឆ្នាំ២០១៨នេះ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានកើនឡើងដល់ ៦លាន ៨សែននាក់ ដែលកើនឡើងពី ៤លាន ៨សែននាក់ ក្នុងឆ្នាំ២០១៧។ ការពង្រឹងសន្តិសុខក្នុងការប្រើប្រាស់បណ្តាញទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គឺជាកត្តាចាំបាច់មួយដែលប្រតិបត្តិករទាំងអស់ត្រូវយកចិត្តទុកដាក់៕


 

អត្ថបទជាប់ទាក់ទង