សិក្ខាសាលា​ស្តីពី​អុីនធឺណិត​នៃវត្ថុ​ (Internet of Things “IoT”​) ​នៅទីស្ដីការក្រសួង​​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារជំនាញបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីអុីនធឺណិតនៃវត្ថុ (Internet of Things “IoT”)។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអង្គការ Japan Telecommunications Engineering and Consulting Service (JTEC) ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញរបស់ប្រទេសជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យទូរគមនាគមន៍និងផ្សព្វផ្សាយ ព្រមទាំងមានការចូលរួមពីក្រុមការងារជំនាញបច្ចេកទេសអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់មន្រ្តីជំនាញក្រសួង-ស្ថាប័នពាក់ព័ន្ធធ្វើការសិក្សាអំពីការប្រើប្រាស់អុីនធឺណិតនៃវត្ថុ (IoT) ដើម្បីរៀបចំនូវដំណោះស្រាយលើបញ្ហាប្រឈមសង្គមនានានៅក្នុងទីក្រុង និងតំបន់ជនបទ។ សិក្ខាសាលានេះ បានផ្តល់ឱកាសឲ្យអ្នកចូលរួមធ្វើការពិភាក្សា និងប្រឹក្សាយោបល់លើករណីសិក្សាផ្ទាល់ជាមួយអ្នកជំនាញការជប៉ុនដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងប្រឈមនៅកម្ពុជា ដោយប្រើប្រាស់អុីនធឺណិតនៃវត្ថុជាអាទិ៍ កសិកម្ម សុខាភិបាល ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងចរាចរណ៍ជាដើម ដែលជាធាតុចូលសំខាន់បន្ថែមទៀតដល់អ្នករៀបចំគោលនយោបាយរបស់ក្រសួង-ស្ថាប័ននានា។

និន្នាការបច្ចុប្បន្ននិងអនាគត វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បាននឹងកំពុងរួមចំណែក និងដើរតួរយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងនៅក្នុងទីក្រុង និងជនបទ  ដែលទាមទារឱ្យមានការគិតគូរពីអភិក្រមថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការដោះស្រាយ និងគ្រប់គ្រងបញ្ហាសង្គមនានា។ ការរៀបចំសិក្ខាសាលានេះក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអនុវត្ត និងសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ ផងដែរ៕


 

អត្ថបទជាប់ទាក់ទង