កិច្ចប្រជុំស្ដីពីការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៩-២០២១
រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងផែនកាយុទ្ធសាស្ត្រថវិការឆ្នាំ២០១៩-២០២១។
ការរៀបចំកិច្ចប្រជុំនេះ ដោយយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ២ សរណន ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៩-២០២១ បានតម្រូវឲ្យក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៩-២០២១ ដែលជាយន្តការសម្រាប់ការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០១៩ ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០១៨។ តាមរយៈការអនុវត្តបានតាមការណែនាំខាងលើ គម្រោងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៩-២០២១ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងឆ្លុះបញ្ចាំងពីគោលដៅអាទិភាពត្រូវអនុវត្ត ដើម្បីសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួងគឺ បន្តអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ហើយក៏ដូចជាមូលដ្ឋានគន្លឹះសម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០១៩ ដែលនឹងត្រូវរៀបចំនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៨នេះ៕