ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “យើងនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពី “យើងនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥”។ អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឯកឧត្ដមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និយោជិតក្រោមឱវាទក្រសួង បណ្តាអង្គការដៃគូរ ប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបចំនួន ៤០០នាក់។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង គឺក្នុងគោលបំណងគោរពតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងទាក់ទងបញ្ហាគ្រឿងញៀន និងបញ្ហាអេដស៍ជូនដល់មន្ត្រីគ្រប់លំដាប់ថ្នាក់។ 

នៅក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ គ្រឿងញៀននៅតែបន្តហូរចូលក្នុងប្រទេសកម្ពុជាយើងទើបធ្វើឲ្យយន្តការបង្ការទប់ស្កាត់តាមច្រកប្រៃសណីយ៍ដែលស្ថិតក្រោមគណៈកម្មការទី៣ ដឹកនាំ និងមានអនុគណៈកម្មការទី៣ ទទួលបន្ទុកទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ដែលតែងតែស្កាត់ចាប់បានជារឿយៗនូវសារជាតិញៀននេះ។ ដូចជាថ្មីៗនេះ មានគ្រឿងញៀនរហូតដល់ជាង ១០០គីឡូក្រាម ត្រូវបានបង្កប់ក្នុងចំណីសត្វ ដែលនាំចេញមកពីប្រទេសអាឡឺម៉ង់ជាដើម។ មកទល់បច្ចុប្បន្ន ពួកឈ្មួញទុច្ចរិតទាំងអស់យើងបង្ក្រាបបានមួយចំនួនតែអ្នកខ្លះកំពុងពួនសម្ងំ ឬលួចឆ្មក់ចរាចរគ្រឿងញៀនដោយមានល្បិចកាន់តែខ្ពស់ធ្វើឲ្យសមត្ថកិច្ចជួបឧបសគ្គច្រើនក្នុងការបង្ក្រាប។ 

ដោយឡែកចំពោះបញ្ហាស្តីពីជំងឺអេដស៍ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា "កន្លងមកឯកឧត្ដមតែងទទួលបានព័ត៌មានថាអត្រាចម្លងបានថយចុះធ្វើឲ្យយើងពុំសូវព្រួយបារម្មណ៍អំពីជំងឺអេដស៍ ទាំងសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហាក់បីដូចជាពុំសូវចូលរួមផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺអេដស៍ ជាហេតុនាំឲ្យមានទស្សនៈយល់ច្រឡំថា ជំងឺអេដស៍បានស្លាប់បាត់ហើយ។ ឯកឧត្ដមបានមានប្រសានស៍បញ្ជាក់ថា  ពិតមែនតែអត្រាចម្លងបានធ្លាក់ចុះនៅត្រឹម ០,៦% ប៉ុន្តែការចម្លងនៅតែមាន ដូច្នេះទាមទារឲ្យយើងត្រូវធ្វើការផ្សព្វផ្សាយជាបន្តទៀតឲ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវជំងឺអេដស៍នេះ ឲ្យសម្រេចទៅតាមផែនការដែលបានដាក់ចេញនៅឆ្នាំ២០២៥" ។ 

អង្គសិក្ខាសាលាបានបញ្ចប់នាព្រឹកថ្ងៃដដែលដោយទទួលបានលទ្ធផលផ្លែផ្កាខ្ពស់ ក្រោមបរិយាកាសរីករាយក្រៃលែង៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍