សិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០  (AIM-2020)”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ (AIM-2020)” ក្រោមអធិបតីភាព ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានសិក្ខាកាមចូលរួមជាមន្ត្រីតំណាងពីអគ្គនាយកដ្ឋានប.ទ អគ្គនាយកដ្ឋានICT អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល វិទ្យាស្ថានជាតិ NIPTICT នាយកដ្ឋានសវនកម្មផ្ទៃក្នុង និយ័តករទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា ប្រមាណ ៩០រូប។ 

ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផែនការមេ ASEAN ICT Master Plan 2020 (AIM2020) និង បែងចែកព័ត៌មានពីរបៀបសរសេរគម្រោង ដើម្បីស្នើសុំថវិកាសម្រាប់អនុវត្តសកម្មភាពដែលមានចែងក្នុងផែនការមេ AIM-2020។

ជាលទ្ធផលសិក្ខាសាលាសម្រេចបានដូចខាងក្រោម៖
១-អង្គសិក្ខាសាលាបានជ្រួតជ្រាបពីផែនការមេ AIM-2020 ដោយរួមបញ្ចូលនូវចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនានានៅក្នុងផែនការមេ ដែលប្រទេសជាសមាជិកអាចទាញយកនូវគម្រោង និងស្នើសុំថវិកាសម្រាប់ការអនុវត្ត។ ជាមួយគ្នានេះ ព័ត៌មានដែលទទួលបានត្រូវរំពឹងថានឹងផ្តល់ប្រយោជន៍សម្រាប់ជាធាតុចូលនៃការតាក់តែងគោលនយោបាយឱ្យមានសង្គតភាព ជាមួយនឹងរបៀបវារៈ និងនិន្នាការគោលនយោបាយថ្នាក់តំបន់។ 
២-អង្គសិក្ខាសាលាបានយល់ពីរបៀបនៃការសរសេរគម្រោងក្នុងក្របខ័ណ្ឌអាស៊ាន និងប្រភពថវិកាសម្រាប់គម្រោងដែលផ្សារភ្ជាប់នឹងផែនការមេ AIM-2020 ដែលអង្គភាពនីមួយៗក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនគន៍ អាចលើកគម្រោងក្នុងក្របខ័ណ្ឌផែនការមេ ដោយប្រើប្រាស់កញ្ចប់មូលនិធិ ICT អាស៊ាន៕


 

អត្ថបទជាប់ទាក់ទង