សិក្ខាសាលាស្ដីពី “គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងសិក្ខាសាលា “គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Benedict Cheung នាយកប្រតិបត្តិនៃមូលនិធិ Temasek អន្តរជាតិ, លោក Kong Wy Mun អគ្គនាយកសហគ្រាសសហប្រតិបត្តិការសិង្ហបុរី SCE និងសហការីមកពីប្រទេសសិង្ហបុរីមួយចំនួន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបង្គោលតំណាងមកពីបណ្តាក្រសួង/ស្ថាប័ន និងរាជធានី/ខេត្តទាំង២៥។
គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២ នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយមូលនិធិអន្តរជាតិ Temasek និងសហគ្រាសសហប្រតិបត្តិការសិង្ហបុរី SCE ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ ស្ដីពី៖
-ការពង្រឹងសមត្ថភាពក្នុងការរៀបចំវេទិកាគេហទំព័រជាតិ
-ពង្រឹងសមត្ថភាពក្នុងការរៀបចំឯកសារស្ថាបត្យកម្មសហគ្រាសរដ្ឋាភិបាល។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានបញ្ជាក់ថា នេះជាពេលវេលាដ៏សមស្របក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព រួមមាន ការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកម្ពុជាត្រូវទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្ម ជាពិសេសក្នុងបរិការណ៍នៃឧស្សាហកម្មទី៤។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញនិងលើកទឹកចិត្តសហការីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ត្រីបង្គោលតំណាងក្រសួងស្ថាប័ន និងរាជធានីខេត្តទាំង២៥ ត្រូវចូលរួមក្នុងក្រុមការងារអនុវត្តគម្រោងជាមួយទីប្រឹក្សាបច្ចេកទេសសិង្ហបូរីក្នុងបេសកកម្មទី២ ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅសម្រេចបាននូវការរៀបចំគេហទំព័រជាតិកម្ពុជា និងសេចក្តីណែនាំអំពីការធ្វើផែនការ និងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍សម្រាប់រាជរដ្ឋាភិបាល ដែលជាការចាប់ផ្តើមឌីជីថលរូបនីយកម្មរបស់កម្ពុជា៕