សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងាររបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(មូលនិធិ ក.ស.ទ-USO)
នាល្ងាចថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ទាប់ពី “កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ-USO) លើកទី៨” បានបញ្ចប់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពការងាររបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ សម្រាប់ការអនុវត្តគម្រោងឆ្នាំ២០១៧” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា បានលើកឡើងថា បច្ចុប្បន្នមានប្រតិបត្តិករទូរគមនាគមន៍ចំនួន ៨៧% (២៧/៣១ ក្រុមហ៊ុន) បានចូលរួមអនុវត្តកាតព្វកិច្ចបង់វិភាគទានចូលមូលនិធិនេះ និងប្រមូលបានមូលនិធិសរុប ៧០% ស្មើនឹងទឹកប្រាក់ប្រមាណ ៩លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ បានអនុម័តគម្រោងពង្រីកវិសាលភាពគ្របដណ្តប់សេវាទូរស័ព្ទចល័តជំនាន់ទី៣/៤ (3G/4G) សរុបចំនួន ១៣១ស្ថានីយ៍ ដោយបានអនុញ្ញាតឱ្យធ្វើការសាងសង់ស្ថានីយ៍ថ្មីចំនួន៤១ និងការធ្វើ Upgrade និង Reconfiguration ទៅលើស្ថានីយ៍ដែលមានស្រាប់ចំនួន ៩០ស្ថានីយ៍។
១. វឌ្ឍនភាពចុងក្រោយចំពោះគម្រោងសាងសង់ថ្មី រួមមាន៖
-គម្រោង/ស្ថានីយ៍ បានសាងសង់រួចរាល់មានចំនួន ៧ស្ថានីយ៍ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨។
-គម្រោង/ស្ថានីយ៍ បាននឹងកំពុងសាងសង់មានចំនួន ១៩ស្ថានីយ៍ ដែលត្រូវបញ្ចប់រួចរាល់ត្រឹមខែកុម្ភៈ ឆ្នាំ២០១៩។
-គម្រោង/ស្ថានីយ៍ យឺតយ៉ាវក្នុងការសាងសង់ដោយសារទឹកជំនន់ និងកំពុងដោះស្រាយទីតាំងសាងសង់មាន
ចំនួន ១៥ស្ថានីយ៍ រំពឹងថានឹងត្រូវដោះស្រាយរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ និងកាលបរិច្ឆេទគម្រោងបញ្ចប់រួចរាល់យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០១៩។
២. វឌ្ឍនភាពចុងក្រោយចំពោះគម្រោងធ្វើការ Upgrade និង Reconfiguration ទៅលើស្ថានីយ៍ដែលមានស្រាប់៖
-ចំនួន ៨៣ស្ថានីយ៍ ត្រូវបានចប់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០១៨
-ចំនួន ៧ស្ថានីយ៍ ត្រូវរំពឹងថានឹងត្រូវបញ្ចប់ត្រឹមខែមករា ឆ្នាំ២០១៩។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលបានចូលរួមបង់វិភាគទាន និងសហការក្នុងការអនុវត្តសកម្មភាពការងាររបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ និង សូមលើកទឹកចិត្តដោយសង្ឃឹមយ៉ាងមុតមាំថាប្រតិបត្តិករទូរគមនាគមន៍មួយចំនួនតូចដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ចាត់វិធានការបន្ទាប់៕