ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម
ទីក្រុងហាណូយ៖ តបតាមការអញ្ជើញរបស់ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងវិស័យឯកជន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើសកម្មភាពជាក់ស្តែង ព្រមទាំងធ្វើការជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងលើវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (cybersecurity), រដ្ឋាភិបាលអេឡិកត្រូនិក (e-government) ហត្ថលេខាឌីជីថល (Digital Signature) និងការវិវត្តនៃវិស័យឯកជនរបស់វៀតណាមផងដែរ។
ក្នុងឱកាសនោះផងដែរ គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនៈកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលជាតិសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវៀតណាម (Vietnam National Cyber Security Center), មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ក្រុមហ៊ុន VNPT, ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន BKAV, ក្រុមហ៊ុន VNPT-Technology និងក្រុមហ៊ុន FPT Software៕