លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ” លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក លោកស្រី គណៈប្រតិភូអមដំណើរ ព្រមទាំងសមាជិកជានារីចូលរួម សរុប ១០០នាក់។
មានមតិសំណេះសំណាល លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា ការប្រារព្វទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាព និងតួនាទី ស្មើភាពគ្នា រវាងបុរស និងស្ត្រីនៅក្នុងសង្គម។ សំខាន់ជាងនេះទៀត ទិវានេះ ឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់អនុវត្តន៍បន្ត នៅឆ្នាំបន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។
ចុងបញ្ចប់នៃពិធី លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក បានអញ្ជើញចែកអំណោយមួយចំនួន ជូនដល់បងប្អូនជានារី ដែលបានចូលរួមផងដែរ៕