ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ ដែលមាន លោក Miguel Eduardo Sanchez Martin អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ និង លោក Ian Gillson មន្ត្រីផ្នែកប្រតិបត្តិការ និងយុទ្ធសាស្ត្រ នៃធនាគារពិភពលោក ដើម្បីពិភាក្សាការងារលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT)។ នៅក្នុងជំនួបនោះ ភាគីធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះ ការវិវត្តជាវិជ្ជមាននៃការនាំចេញរបស់កម្ពុជា ក៏ដូចជាការវិនិយោគដោយផ្ទាល់ FDI មកក្នុងប្រទេសកម្ពុជា តាមរយៈគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានជម្រាបជូនភ្ញៀវ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នភាពការងារ និងអាទិភាពដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងនោះការកសាងនូវគោលនយោបាយ បទដ្ឋានគតិយុត្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍធនធានមនុស្ស ទាំងជំនាញ និងសហគ្រិនភាព និងការបង្កើតនូវស្តង់ដារជាដើម ដើម្បីធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសង្វាក់ផលិតកម្មពិភពលោក សម្រាប់បង្កើននូវគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព៕