កម្មវិធីប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៩ (Cambodia Cyber Contest 2019)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៩ (Cambodia Cyber Contest 2019) ក្រោមអធិបតីភាព លោក នាង ម៉ៅ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយក្រុមហ៊ុន EZECOM និងដោយមានការចូលរួមពី និស្សិតចំនួន ២៧នាក់មកពីមហាវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើមបើកកម្មវិធី លោក នាង ម៉ៅ បានថ្លែងលើកឡើងអំពីសារៈសំខាន់នៃការកសាងសមត្ថភាពធនធានមនុស្សដែលមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សព្វថ្ងៃនេះជំនាញមួយនេះគឺមានតម្រូវការយ៉ាងខ្លាំង ទាំងក្នុងស្រុក និងនៅក្នុងតំបន់ ហើយលោកបានផ្តាំផ្ញើឱ្យបេក្ខជនដែលចូលរួមទាំងអស់ ទោះបីទទួលបានជ័យលាភី ឬមិនបានក្តី ត្រូវខិតខំសិក្សារៀនសូត្រជំនាញមួយនេះបន្ថែមទៀត ដើម្បីឲ្យកម្ពុជាយើងមានធនធានបន្ថែមក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារនានាពីអុីនធើណេត។
ដោយឡែកការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅថ្ងៃនេះ គឺជាការប្រកួត Capture The Flag ប្រភេទ Jeopardy style ដែលមានទម្រង់ជាការឆ្លើយនូវសំណួរដើម្បីទទួលបានពិន្ទុ ការប្រកួតប្រជែងនេះនឹងមានសំណួរចាប់ពីកម្រិតងាយស្រួលរហូតទៅដល់កម្រិតពិបាក ដែលទាមទារនូវសមត្ថភាព និងចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា Binary, Cryptography, Cracking, Digital Forensics, Encode, Programing និង Web ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយនូវសំណួរ។
និស្សិតទាំងអស់នឹងទទួលបានការបង្ហាត់បង្ហាញអំពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហា ដោយផ្នែកទៅលើសំណួរ (challenges) ដែលនឹងដាក់ចេញនៅក្នុងប្រព័ន្ធ។ កាលប្រកួតនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះមាននិស្សិតចូលរួមទាំងអស់ចំនួន ១៩នាក់ ហើយពិន្ទុដែលនិស្សិតអាចរកបាននៅក្នុងការប្រកួតគឺ ២២០០ពិន្ទុ លើពិន្ទុសរុបចំនួន ២៥០០។ នៅក្នុងឆ្នាំ២០១៩ នេះ ក៏មិនខុសពីឆ្នាំមុនដែរ និស្សិតទាំងអស់នឹងត្រូវ ដោះស្រាយបញ្ហា (Challenges) ចំនួន ២៤ ដែលមានពិន្ទុសរុបចំនួន ២៥០០ពិន្ទុ។ ហើយការប្រកួតនេះបានកំណត់ពេលវេលារយៈពេលពេញមួយថ្ងៃ ហើយនិស្សិតដែលទទួលបានជ័យលាភីចំនួនពីររូប និងត្រូវបញ្ជូនបន្តឱ្យទៅប្រកួតប្រជែងនៅប្រទេសសឹង្ហបុរី នៅដើមខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕