សិក្ខាសាលាស្តីពី “ការវាស់ស្ទង់កម្រិតសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់សហគ្រាសមីក្រូ-ធុនតូច និងមធ្យម”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក មាស កុសល អគ្គនាយករង តំណាង ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការវាស់ស្ទង់កំរិតសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់សហគ្រាសមីក្រូ-ធុនតូចនិងមធ្យម”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាមួយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម ដោយមានសិក្ខាកាមសរុបប្រមាណ ១៥០រូប ។
ក្នុងឱកាសនោះដែរ លោក មាស កុសល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាពយ៉ាង សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ នៅក្នុងចតុកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ ក្នុងមុំទី២ ការលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម និងសហគ្រិនភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបន្តពង្រឹងការអភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម ដោយរួមមានការផ្សព្វផ្សាយ និងបញ្ជ្រាបបច្ចេកវិទ្យាថ្មីៗផងដែរ។ វិធានការគោលនយោបាយជាក់លាក់មួយចំនួនត្រូវបានដាក់ចេញដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចឌីជីថលដោយរួមមាន ១/ការបង្កើតធនាគារSMEs ២/ការបង្កើតមូលនិងអភិវឌ្ឍន៍ជំនាញ ៣/ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ៤/ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពរបស់សហគ្រាស ធុនតូច និងមធ្យមដោយជម្រុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងអាជីវកម្មរបស់ខ្លួន។
លោកបានបន្តថា សិក្ខាសាលានេះ គឺជាផ្នែកមួយនៃផែនការធ្វើឱ្យប្រសើរឡើងនូវភាពរួចរាល់ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្ស និងអង្គភាពតាមរយៈការធ្វើស្វ័យវាយតម្លៃទៅលើកម្រិតសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយខ្លួនឯង។ ជាមួយគ្នានេះផងដែរ សហគ្រាសមីក្រូធុនតូច និងមធ្យម អាចយកនូវលទ្ធផលដែលទទួលបាន ដើម្បីធ្វើយ៉ាងណាកែលំអរចំនុចខ្វៈខាតនានាដែលខ្លួនមាន ក្នុងគោលបំណងធានាបាននូវភាពគុណភាព និងប្រសិទ្ធិភាពក្នុងការបម្រើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងយុគ្គសម័យឌីជីថល។
មុននឹងបញ្ចប់ លោកសង្ឃឹមថា សិក្ខាសាលានៅក្នុងថ្ងៃនេះនឹងបានជាធាតុចូលមួយដ៏សំខាន់សម្រាប់សិក្ខាកាមក្នុងការវាស់វែងអំពីចំណេះដឹង និងកម្រិតសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាពខ្លួន ដើម្បីដាក់ចេញជាវិធានការណ៍ចាំបាច់នានាក្នុងពេលអនាគត៕