​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​វេ​ប​សាយ​ ​និង​យន្ត​ការ​ឆ្លើយតប​ (​Web​ ​Application​ ​Security​ & ​Counter​measure​s)”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​៧​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​ ​តំណាង​ដ៏​ខ្ពស់​ខ្ពស់​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​វេ​ប​សាយ​ ​និង​យន្ត​ការ​ឆ្លើយតប​ (​Web​ ​Application​ ​Security​ ​and​ ​Counter​measure​ )” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Prose​t​h​ ​Solution​s ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដោយមាន​ ​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​១​២​៤​នាក់​។ ​

គោលបំណង​នៃ​សិក្ខាសាលា​រៀបចំ​ឡើង​ ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​អំពី​ហា​និ​ភ័យ​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​, ​ការ​បង្ហាញ​ផ្ទាល់​អំពី​លទ្ធភាព​ក្នុង​ការវាយប្រហារ​ទៅលើ​អាជីវកម្ម​របស់​អ្នក​ ​និង​វិធីសាស្ត្រ​ការពារ​និង​ទប់​ស្កាត់​ពី​ការវាយប្រហារ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​នាង​ ​ម៉ៅ​ ​បាន​មានប្រសាសន៍ថា​ ​ជាមួយនឹង​ការ​ប្រែក្លាយ​អាជីវកម្ម​ ​ឬ​សេវាកម្ម​បែប​ប្រពៃណី​យ៍​ទៅជា​អាជីវកម្ម​ ​ឬ​សេវាកម្ម​ដោយ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​វា​បាន​ផ្តល់​នូវ​ទី​ផ្សារ​ថ្មី​មួយ​ដ៏​ធំ​ទូលាយ​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​។​ ​ក៏ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រឈម​មុខ​ផង​ដែរ​ជាមួយនឹង​ហា​និ​ភ័យ​ក្នុង​យុគ្គ​សម័យ​ឌី​ជី​ថល​នោះ​គឺ​ការ​វាយលុក​ពី​អ៊ី​ន​ធើ​ណេ​ត​ដោយ​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​។​ ​ឧក្រិដ្ឋជន​មានឱកាស​ជាច្រើន​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ការវាយប្រហារ​ទៅ​ប្រព័ន្ធ​វេ​ប​សាយ​ ​ដោយសារតែ​មាន​កំសោយ​នៅ​ក្នុង​យន្ត​ការ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​មាន​ចំ​នុ​ច​ជាច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ក្លាយទៅជា​គោលដៅ​នៃ​ការវាយប្រហារ​ដ៏​ងាយស្រួល​៖​ (​១​).​ដោយសារ​គិតថា​ខ្លួន​មិនមែន​ជាគោល​ដៅ​នៃ​ការវាយប្រហារ​ដូច្នេះ​ហើយ​មិនបាន​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​ខ្លួន​ឡើយ​, (​២​).​ហា​និ​ភ័យ​ធំបំផុត​គឺ​កើត​ចេញពី​ខាងក្នុង​ដោយសារតែ​បុគ្គលិក​របស់​អ្នកដើរតួ​នាទី​ជា​ច្រក​ចូល​របស់​ឧក្រិដ្ឋជន​, (​៣​).​មិន​មានការ​ត្រួតពិនិត្យ​ទៅលើ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ដែល​ប្រើប្រាស់​នៅ​ក្នុង​សហគ្រាស​ ​និង​ (​៤​).​គិតថា​ទិន្នន័យ​ទាំងអស់​មិន​សំខាន់​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​ការប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​ ​គឺ​មិន​អាច​ជៀស​ផុត​បាន​ឡើយ​នៅ​ក្នុង​យុគ្គ​សម័យ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទី​ផ្សា​សេរី​។​ ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​តាម​អន​ឡា​ញ​ជាមួយនឹង​ការ​ការ​ទូទាត់​សាច់ប្រាក់​ដោយស្វ័យប្រវត្តិ​វា​នឹង​ក្លាយទៅជា​តម្រូវ​ការចាំបាច់​ពីសំណាក់​អតិថិជន​ ​នៅ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ឌី​ជី​ថល​របស់​អ្នក​ប្រកបដោយ​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​និង​ក្លាយ​ជា​គុណសម្បត្តិ​ប្រកួតប្រជែង​មួយ​ដ៏​មានប្រសិទ្ធិភាព​ដើម្បី​ធានា​បាន​នូវ​ទំនុក​ចិត្ត​ពីសំណាក់​អតិថិជន​របស់​អ្នក​។​

​មុននឹង​បញ្ចប់​ ​លោក​បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​នឹងបាន​ជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​សម្រាប់​ ​អស់លោក​-​លោកស្រី​ ​ក្នុង​ស្វែងយល់​បន្ថែម​អំពី​ចំណេះ​ដឹង​ក្នុង​ការ​ការពារ​ប្រព័ន្ធ​វេ​ប​សាយ​ (​Web​ ​Application​) ​របស់​អង្គភាព​ខ្លួន​ ​ដើម្បី​ដាក់​ចេញ​ជា​វិធានការ​ណ៍​ចាំបាច់​នានា​ក្នុង​ពេល​អនាគត​៕

 

អត្ថបទជាប់ទាក់ទង