ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យស្តីពី ”ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យស្តីពី “ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមន្ទីរ ប.ទ.ខេត្តទាំង២៤ សរុបប្រមាណ ២០០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺជំរុញការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ សំដៅគៀរគរប្រមូលចំណូលឱ្យអស់លទ្ធភាពបង់ចូលថវិកាជាតិ កាត់បន្ថយបំណុលដែលមានកន្លងមក ទប់ស្កាត់បំណុលដែលនឹងកើតមានថ្មី ពិសេសចូលរួមអនុវត្តឲ្យបានសម្រេចនូវគោលដៅចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជំរុញប្រតិបត្តិករទាំងអស់ភ្ញាក់រឮកចូលរួមអនុវត្តកាតព្វកិច្ចបង់ចំណូលឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារនៃមន្ត្រីជំនាញដែលមានភារកិច្ចប្រមូលចំណូល។
ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានលើកឡើងពីភាពជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ចេញនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៩-២០២៣ ដែលកាន់តែមុតស្រួច ស៊ីជម្រៅ សំដៅលើកកម្ពស់សមត្ថភាពរដ្ឋបាលប្រមូលចំណូល បន្តពង្រឹងអភិបាលកិច្ច លើកកម្ពស់គុណភាព បង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពសេវា ធានាឲ្យបាននូវបរិយាកាសធុរកិច្ច ពង្រឹងការប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយប្រកាន់ខ្ជាប់នូវអភិក្រម៤គឺ (១).ធានាចីរភាពកំណើនសេដ្ឋកិច្ច (២).រក្សាចីរភាពចំណូលដែលអាចឈានទៅដល់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ (៣).ធានាបាននូវយុត្តិធម៌ក្នុងការអនុវត្តគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ និង(៤).ធានាបាននូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូរបន្ថយបន្ទុកពន្ធលើប្រជាពលរដ្ឋដែលមានចំណូលទាប បង្កើនសុខភាពប្រជាពលរដ្ឋ និងរក្សាការពារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងផ្តល់ជាពុទ្ធិដល់មន្ត្រីពាក់ព័ន្ធ និងប្រតិបត្តិករទាំងអស់យល់កាន់តែច្បាស់ថែមទៀតអំពីកាតព្វកិច្ចដែលត្រូវអនុវត្តការបង់ និងប្រមូលចំណូល ព្រមទាំងវិធានការទាំងឡាយ ដើម្បីចូលរួមចំណែកកសាងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ។
ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ឆ្លងកាត់ការធ្វើបទបង្ហាញរបស់គ្រូបង្គោល និងការពិភាក្សារួចមក សមាជិក សមាជិកា គ្រប់រូបប្រាកដជាបានយល់ដឹងកាន់តែប្រសើរជាងមុនអំពីខ្លឹមសារសំខាន់ៗនៃបទបង្ហាញនីមួយៗ ពិសេសស្គាល់ច្បាស់អំពីកាតព្វកិច្ចរបស់ប្រតិបត្តិករនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសកម្មភាពរួមដំណាក់កាលទី៣ សម្រាប់ឆ្នាំ២០២០ មានចំនួន២៤សកម្មភាព ដោយផ្តោតសំខាន់លើ៖ ទី១ពង្រឹង និងបង្កើនការប្រមូលចំណូលបង់ចូលថវិការដ្ឋ ទី២ពង្រឹងគោលការណ៍ចំណាយ និងកាត់បន្ថយដំណើរការនីតិវិធីចំណាយ ទី៣គ្រប់គ្រង និងមានវិធានការកាត់បន្ថយបំណុល ទី៤ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទី៥ពង្រឹងការធ្វើអធិការកិច្ច និង សវនកម្ម ទី៦ពង្រឹង និងរៀបចំប្រតិបត្តិការកត់ត្រាចំណូល ធានាចំណាយ ទូទាត់ចំណាយ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធFMIS និងទី៧រៀបចំដាក់ឲ្យអនុវត្តច្រកចេញចូលតែមួយនៅទីស្តីការក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលចំពោះអ្នកមក ទទួលសេវា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឈឹមថា ក្រោយបញ្ចប់សិក្ខាសាលានេះ ប្រតិបត្តិករទាំងអស់ដែលផ្តល់សេវាពាក់ព័ន្ធព្រមទាំងមន្ត្រីជំនាញនៃក្រសួង ប.ទ. នឹងប្រកាន់របបស្វ័យប្រកាសចំណូល និងផ្តល់របាយការណ៍ហិរញ្ញវត្ថុ ក៏ដូចលិខិតចាំបាច់ផ្សេងៗរបស់ខ្លួនមកក្រសួង ជាពុំខាន៕