លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក បានដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃនៅក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកផ្តើមបុណ្យ មន្ត្រីរាជការ-និយោជិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី មានសទ្ធាជ្រះថ្លា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ ស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសាលាធម្មសភា មានទំហំ១៧ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ដំបូលប្រក់ក្បឿង។
បន្ទាប់ពីធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា រួចមក លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក ព្រមទាំងបុត្រា បុត្រី រួមនឹង ឯកឧត្តម លោកជំទាវ លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់បានវេរអង្គកឋិនទាន ក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ រួមមាន ត្រៃធំចំនួន២០ បាតអ៊ីណុក១ ឆ័ត្រ១ ឈើច្រត់១ ក្លោះធំ១ ត្រៃ និងពិដាន១ កន្ទេលក្រាលគ្រែ១ ព្រហ្ម២ខ្សែ សាដក៩ ឆ័ត្ររួត១គូ ដើមពោធិ១គូ ផ្លិតពោធិ១ ខ្នើយពូថៅ១ កែវ៥ឡូ ចានបាយ១០០ បានសម្ល៦០ និងស្លាបព្រា១៥ឡូ អង្ករ២បាវ ទឹកដោះគោ១កេស ត្រីខកំបុ័ង១កេស និងស្ករស១០គីឡូក្រាម និងបច្ច័យសង្កត់ត្រៃ ចំនួន ១៥៩,៣៨០,០០០រៀល។
នៅក្នុងឱកាសនោះ លោកជំទាវ បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងអង្គកឋិនទាននៅទីនោះ។ លើសពីនេះទៀត លោកជំទាវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ បានខិតខំយកអស់កម្លាំងកាយចិត្តបញ្ញា និងស្មារតីក្នុងការជំរុញ វិស័យសាសនា ឲ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងបរិមាណ និងគុណភាព តាមរយៈការបញ្ចូល ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលបានចែងថា បន្តគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បន្ថែមពីនេះទៀត លោកជំទាវ ក៏បានចែកជូនអំណោយ និងថវិកាមួយចំនួន ដល់តាជី យាយជី លោកគ្រូពេទ្យ ស.ស.យ.ក កម្លាំងការពារ និងប្រជាការពារផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក រួមនឹងលោកជំទាវ លោកស្រី ព្រមទាំងពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងអង្គកឋិនទានទាំងអស់ បានអញ្ជើញចូលរួមដាល់ និងពិសារអំបុកដោយក្តីសប្បាយរីករាយ ដែលនេះជាសក្ខីភាពបង្ហាញឲ្យឃើញពីការគាំទ្រ និងស្រលាញ់ពេញចិត្ត ទៅលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រកាសសូមឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមពិសារអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្នុងន័យ ការពារជាតិ សាសនា ព្រះមហាក្សត្រ៕