ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន ២០១៩ នៅសាកលវិទ្យាភូមិន្ទភ្នំពេញ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន ឆ្នាំ២០១៩។ កម្មវិធីនេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានសហការជាមួយវិទ្យាស្ថានសកលសម្រាប់អនាគត (GIFT) ក្រោមប្រធានបទ នវានុវត្តន៍ដើម្បីវិបុលភាពប្រកបដោយសមធម៌នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា នៅប្រទេសម៉ាឡេស៊ី និងពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួម ២៨រូបមកពីប្រទេសជាសមាជិកអាស៊ាន ជប៉ុន និងអាឡឺម៉ង់។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការគិតគូរអំពីទស្សនវិស័យទៅអនាគត ២០ឆ្នាំខាងមុខនេះ គឺដើម្បីយើងគិតគូរថាតើត្រូវប្រើប្រាស់ធនធានដែលមានស្រាប់យ៉ាងដូចម្ដេច? ហើយមានផលប៉ះពាល់អ្វីខ្លះដែលយើងត្រូវធ្វើការដោះស្រាយដើម្បីជៀសវាងហានិភ័យនាពេលក្រោយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យសម្រាប់ឆ្នាំ២០៣០ ដោយប្រជាជនកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ តាមរយៈទស្សនៈវិស័យនេះ យើងបានគិតគូរអំពីថាតើកត្តាអ្វីខ្លះដែលសំខាន់ ហើយត្រូវគិតគូរ និងប្រើប្រាស់ធនធានក្នុងវិស័យនោះឱ្យបានសមស្រប ជាពិសេសត្រូវគិតអំពីតម្រូវការពិតប្រាកដ ជៀសវាងការប្រើប្រាស់ធនធានខ្ជះខ្ជាយ។ អ្វីដែលសំខាន់នោះគឺផលិតផលមួយចំនួនបានបង្កើនការចំណាយបន្ថែមទៀត ឧទាហរណ៍ជាក់ស្ដែងដូចជាការប្រើប្រាស់ប្លាស្ទិកជាដើម ដែលត្រូវការបច្ចេកវិទ្យាខ្ពស់និងមានតម្លៃខ្ពស់ដើម្បីកែច្នៃ។
ឯកឧត្ដមរដ្ឋមន្រ្តី ត្រាំ អុីវតឹក ក៏បានចែករំលែកនូវគំនិតផ្ដួចផ្ដើមនិងបង្ហាញពីបច្ចុប្បន្នភាពមួយចំនួនពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានដោះស្រាយនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិហើយស្របគ្នាទៅនឹងចក្ខុវិស័យដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសដែលមានភាពឆ្លាតវៃ និងរីកចម្រើនដែលត្រូវមានចំណេះដឹងការច្នៃប្រឌិត និងការបង្កើតថ្មី ដែលទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានបន្ថែមទៀតថា កម្មវិធីនេះបានបង្កើតឡើងក្នុងគោលដៅសំខាន់ទៅលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការតភ្ជាប់បណ្តាញនៅទូទាំងប្រទេស ដែលជាហេដ្ឋារចនាសម្ព័ន្ធស្នូលបម្រើឱ្យគ្រប់វិស័យ ជាពិសេសវិស័យទាំង៥គឺ៖ទី (១)ការរស់នៅ ការអប់រំ និងការអភិវឌ្ឍជំនាញ, (២)កសិកម្ម និងការអភិវឌ្ឍនៅជនបទ, (៣)បរិស្ថាននិងធនធាន, (៤)សុខភាពសាធារណៈ និង(៥) វប្បធម៌និងសុខដុមរមនា ។
មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយដោយបានឃើញពីគំនិត ដែលអ្នកដឹកនាំវ័យក្មេងកម្ពុជា និងអន្តរជាតិបានបង្កើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ហេីយបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងព្រមទាំងទទួលបាននូវសមិទ្ធផលជាផ្លែផ្កាសម្រាប់ជាប្រយោជន៍ដល់សង្គមកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតផងដែរ៕