ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៩ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៩ (TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
*គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យារវាងប្រទេសអាស៊ានទាំង១០ និងដៃគូសន្ទនា ក៏ដូចជាសហភាពទូរគមនាគមន៍អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ កិច្ចប្រជុំនេះមានប្រធានបទ Smart Connectivity for ASEAN Digital Transformation។ កិច្ចប្រជុំលើកទី១៩នេះមាននូវរបៀបវារ:មួយចំនួន ក្នុងនោះរួមមានការតាមដាន និងបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ ការកំណត់ផែនការសកម្មភាពឆ្នាំបន្ទាប់ ដែលគាំទ្រដល់ផែនការមេICTអាស៊ាន២០២០។ ជាមួយគ្នានេះ ក៏មានផ្លាស់ប្តូរយោបល់រវាងគ្នាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍នៃបណ្តាប្រទេសសមាជិកអាស៊ាន លើការចងក្រងផែនការមេឌីជីថលអាស៊ាន២០២៥ ដែលនឹងសិក្សានិងអនុម័តនាឆ្នាំខាងមុខ៕