ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ដែលមានលោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោក ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីស្វែងយល់ពីវិស័យអាទិភាពជាពិសេសដើម្បីផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងផែនការរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងវិស័យអាទិភាពដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននឹងកំពុងធ្វើការដើម្បីត្រៀមខ្លួនគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងនោះការកសាងបទដ្ឋានគតិយុត្ត ការតភ្ជាប់ឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខព័ត៌មាន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ដើម្បីទ្រទ្រង់ដល់ឡូជីស្ទិក(Logistic)។ ក្រសួងបានទទួលភារកិច្ចពីរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌរដ្ឋាភិបាលឌីជីថល និងបានយកចិត្តទកដាក់ផងដែរ ពីសារ:សំខាន់ក្នុងការបង្កើនការបណ្តុះបណ្តាលចំណេះដឹងឌីជីថល ផងដែរ។
ក្រសួងក៏បានផ្តោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័ត និងអុីនធឺណិត រហូតដល់ជនបទ ក្នុងគុណភាពល្អ និងតម្លៃសមរម្យ ដែលសម្រាប់ប្រទេសកម្ពុជា តម្លៃអុីនធឺណិត ស្ថិតក្នុងប្រទេសដែលមានតម្លៃអុីនធឺណិតធូរថ្លៃជាងគេ នៅលើពិភពលោក។ ស្របពេលជាមួយគ្នា ការពង្រឹងសន្តិសុខព័ត៌មានវិទ្យា ក៏ជាសរសរស្តម្ភមួយដែលទ្រទ្រង់ដល់សេដ្ឋកិច្ចសង្គមឌីជីថល។ ក្រសួងបានកំពុងខិតខំបង្កើនការគ្របដណ្តប់នៃបណ្តាញអុីនធឺណិតនិងបណ្តុះបណ្តាលផ្នែកឌីជីថល នៅតាមជនបទតាមរយ:មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(មូលនិធិ ក.ស.ទ.-USO Fund) និងមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(មូលនិធិ ស.អ.-CBRD Fund) ក៏ដូចជាគម្រោងភូមិឌីជីថល ដើម្បីធានានូវបរិយាប័ន្ននៃការទទួលនូវសេវានេះ ព្រមទាំងបានយកចិត្តទុកដាក់ លើសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធនេះ ពិសេសការការពារដល់កុមារលើការប្រើប្រាស់អនឡាញផងដែរ។
ដើម្បីឆ្លើយតបនឹងការរីកដុះដាលនៃវិស័យពាណិជ្ជកម្មអេឡិកត្រូនិក ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក៏ត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រីកសេវាកម្មនេះកាន់តែសំបូរបែប ដើម្បីសម្រួលដល់សេវាឡូជីស្ទិក(Logistic) និងការពង្រីកសេវាកម្មប្រៃសណីយ៍ ទៅលើផ្នែកផ្សេងៗទៀត ដូចជាផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំដល់ធនាគារពិភពលោក លើការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតក្របខណ្ឌនៃការអភិបាលកិច្ចទិន្នន័យឌីជីថល ផងដែរ។
លោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះការងារដែលក្រសួងបាននិងកំពុងធ្វើ ហើយបានសន្យាថានឹងយកចំណុចទាំងនេះទៅពិនិត្យ ពិចារណា ជាមួយធាតុចូល ដែលទទួលបានពីក្រសួងផ្សេងទៀត ដើម្បីរៀបចំវិស័យអាទិភាពដែលធនាគារពិភពលោក នឹងសហការជាមួយកម្ពុជា ក្នុងអភិក្រមនៃវិស័យទាំងមូល ប្រទាក់ក្រឡាគ្នា និងមាននូវបរិយាប័ន្ន៕