ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei ស្តីពីការប្រគល់ ទទួលសម្ភារៈបរិក្ខារ និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ប្រព័ន្ធវីដេអូនៃសន្និសីទថ្នាក់រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីបច្ចេកវិទ្យា 5G
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យា រវាងឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ស្តីពីការប្រគល់ ទទួលសម្ភារៈបរិក្ខារនិងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ប្រព័ន្ធវីដេអូនៃសន្និសីទថ្នាក់រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីបច្ចេកវិទ្យា 5G។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ បានបញ្ជាក់អំពីការបោះជំហានមួយទៅមុខទៀតរបស់ក្រសួង និងគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យគោលនយោបាយ និងក្តាប់នូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ និងសេដ្ឋកិច្ចឌីជីថល ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដូចនេះហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅពេលនេះពិតជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើងឱ្យកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាកម្មឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ចំពោះការចូលរួមចំណែកក្នុងការប្រគល់សម្ភារៈបរិក្ខារនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei នឹងរីកចម្រើនកាន់តែខ្លាំងក្លា និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យារបស់បណ្តាប្រទេសនៅក្នុងតំបន់៕