ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យលោក Katsuki Tanabe ប្រធានក្រុមហ៊ុន ACRODEA ប្រចាំនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ០៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក Katsuki Tanabe ប្រធានក្រុមហ៊ុន ACRODEA ប្រចាំនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ក្រុមហ៊ុន ACRODEA បង្កើតឡើងនៅឆ្នាំ២០០៤ មានមូលដ្ឋាននៅប្រទេសជប៉ុនដែលមានអាជីវកម្មរបស់ខ្លួនលើវិស័យជាច្រើន ក្នុងនោះរាប់ទាំងវិស័យព័ត៌មានវិទ្យាផងដែរ។ ក្រុមហ៊ុនមានជំនាញក្នុងការការពារទិន្នន័យ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងវិស័យហិរញ្ញវត្ថុ ពន្ធដារ និងទូរគមនាគមន៍ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវ អំពីបច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពិសេសការប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតមានចំនួនកាន់តែច្រើននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នាក្រសួងក៏បាននឹងកំពុងរៀបចំនូវ Public Wifi នៅក្នុងតំបន់ទីក្រុងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការរៀនសូត្រពីបច្ចេកវិទ្យា ក៏ដូចជាការសម្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការទទួលបានអ៊ីនធឺណិតកាន់តែងាយស្រួល។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា តាមរយ:មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(មូលនិធិ ក.ស.ទ.-USO Fund) និងមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(មូលនិធិ ស.អ.-CBRD Fund) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននឹងកំពុងខិតខំក្នុងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធទៅដល់ជនបទ គួបផ្សំនឹងការបណ្តុះបណ្តាលនូវចំណេះដឹងនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាលដើម្បីកាត់បន្ថយគម្លាតរវាងក្រុង និងជនបទ ហើយដើម្បីតាមអោយទាន់បច្ចេកវិទ្យាថ្មីៗដែលចេះតែវិវត្តន៍ឥតឈប់ឈរ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងអាណត្តិនេះ អាទិភាពចំនួន២កំពុងត្រូវបានយកចិត្តទុកដាក់ ក្នុងនោះមួយគឺការកសាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទទួលខុសត្រូវ និងសេដ្ឋកិច្ចឌីជីថល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលខុសត្រូវ។ សម្រាប់ការងាររដ្ឋាភិបាលឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ពុំមែនទាក់ទងនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែមួយប៉ុណ្ណោះទេ តែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលត្រូវធ្វើការរួមគ្នាក្នុងការរៀបចំនៅតាមក្រសួងនីមួយៗដើម្បីធានាបានថាអាចដំណើរការទៅបានទាំងអស់គ្នា។ ជាមួយគ្នានេះ ការរៀបចំនូវរដ្ឋាភិបាលឌីជីថលនឹងតម្រូវអោយមានការបំពាក់កំព្យូទ័រ ក៏ដូចជាការបណ្តុះបណ្តាលដល់មន្ត្រីផងដែរ ដែលនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកវិនិយោគក្នុងការបង្កើតនូវរោងចក្រផលិតកំព្យូទ័រ និងឧបករណ៍ដទៃទៀតនៅកម្ពុជា ដើម្បីគាំទ្រដល់រដ្ឋាភិបាលឌីជីថល។
ឆ្លៀតក្នុងឱកាសនោះដែរ លោក Katsuki Tanabe ប្រធានក្រុមហ៊ុន ACRODEA បានលើកឡើងអំពីបទពិសោធន៍ការងាររបស់ក្រុមហ៊ុនក្នុងការផ្តល់នូវដំណោះស្រាយនានាតាមរយៈបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅតាមប្រទេសមួយចំនួន ដូចជាដំណោះស្រាយលើប្រព័ន្ធហិរញ្ញវត្ថុ ការថែរក្សាសន្តិសុខព័ត៌មាន ការពង្រឹងការប្រមូលពន្ធ ដោយប្រើប្រាស់បច្ចេកវិទ្យាBlockchain ជាដើម។ លោកប្រធានក្រុមហ៊ុន សង្ឃឹមថានឹងអាចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការងារដែលក្រសួងបាននឹងកំពុងធ្វើនាពេលបច្ចុប្បន្ន និងទៅអនាគត៕